នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៤នេះ មានរៀបចំតំបន់កម្សាន្តចំនួន៦ផ្សេងគ្នា ដើម្បីដាក់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ

បាត់ដំបង ៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៤ នេះ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានរៀបចំឱ្យមានតំបន់កម្សាន្ត ចំនួន៦តំបន់ផ្សេងៗពីគ្នា ដើម្បីដាក់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិ នាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ព.ស ២៥៦៧ ។
ការបញ្ជាក់របស់លោក សុខ លូ នៅក្នុងពីធីបើកព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៤” នៅក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត មន្ត្រីរាជការ តាមមន្ទីរ អង្គភាពនានាក្នុងខេត្ត និស្សិត សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង តាជី ដូនជី និងប្រជាពលរដ្ឋ ជាច្រើនទៀត ។
លោក សុខ លូ បានបញ្ជាក់ថា តំបន់ទាំង៦នោះស្ថិតនៅក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ តាមបណ្ដោយវិថីសម្ដេចក្រឡាហោម និងបរិវេណមុខអគារ សារមន្ទីរប្រវត្តិខេត្តបាត់ដំបង រួមមានទី១.តំបន់ពិព័រណ៍ទូទៅ ទី២.តំបន់ត្រជាក់ចិត្ត ទី៣.តំបន់ភូមិយើង និងផលិតផលម្ហូប និងបង្ហែមខ្មែរ ទី៤.តំបន់សិល្បៈ និងទស្សនីយភាព ទី៥.តំបន់តន្ត្រីសម័យ និងទី៦.តំបន់សាសនា ហើយព្រឹត្តការណ៍សង្រ្កាន្តបាត់ដំបង២០២៤នេះ មានរយៈពេល៥ថ្ងៃ គឺចាប់ថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានត្រៀមប្រើប្រាស់ក្រុមការងារសង្រ្កាន្តយុវជនស្ម័គ្រចិត្ត ក្រុមគ្រូពេទ្យ កម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់សរុបរួមចំនួន២.៥២៤នាក់ ។
សម្តេចក្រឡាហោម ស ខេង បានធ្វើការវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ដែលបានរៀបចំព្រឹត្តការណ៍សង្ក្រាន្តបាត់ដំបង២០២៤នេះ មានលក្ខណៈល្អប្រសើរ សម្រាប់ផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ បានចូលលេង និងទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ និងប្រកបដោយសុខសុវត្ថិភាព ខណៈសមត្ថកិច្ចកម្លាំងប្រដាប់អាវុធក្នុងខេត្ត បានពង្រាយកម្លាំងការពារយ៉ាងយកចិត្តទុកដាក់ ក្នុងការរៀចំសន្តិសុខសណ្តាប់សាធារណៈបានយ៉ាងល្អប្រសើរ ។
ក្នុងឱកាសនោះដែរ សម្តេច ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានផ្ដល់នូវមតិផ្ដាំផ្ញើមួយចំនួន សូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការគ្នារក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវជាតិ និងអន្តរជាតិទាំងក្នុងនិងក្រៅប្រទេស ដែលអញ្ជើញមកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៤" នេះ ឱ្យបានល្អប្រសើរ ដោយទប់ស្កាត់ឱ្យបាននូវបាតុភាពអសកម្មទាំងឡាយដែលនាំឱ្យមានបញ្ហាល្អក់កករ ក្នុងពិធីកម្សាន្តសប្បាយនេះ ។
សូមគណៈកម្មការរៀបចំពិធីព្រឹត្តិការណ៍សង្ក្រាន្ត រំលេចឡើងឱ្យបានច្រើននូវផ្ទាំងទស្សនីយភាពសិល្បៈ និងល្បែងប្រជាប្រិយឱ្យបានច្រើនប្រភេទ ច្រើនទម្រង់ ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់បន្ថែមអំពីវប្បធម៌ប្រពៃណីរបស់ខ្មែរយើង ។
ជាមួយគ្នានេះ សូមផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងស្រទាប់យុវវ័យត្រូវជៀសឆ្ងាយពីការលេងល្បែង ឬសកម្មភាពណាមួយ ដែលអាចប្រាសចាកពីសីលធម៌ និងប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង ។ ប្រាកដណាស់នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ នឹងមានបងប្អូនប្រជាពលរដ្ឋយើង ធ្វើដំណើរច្រើនតាមយានយន្តគ្រប់ប្រភេទនៅតាមដងផ្លូវ ដូចនេះ សូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ជួយសម្រួលចរាចរណ៍ ដើម្បីកុំឱ្យមានការកកស្ទះ និងបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ សំដៅធានាបានសុវត្ថិភាព ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនផងដែរ ៕
ដោយ ៖ គួយ គឹមស៊ន













