ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ៖ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ២០២៤ មានអត្ថន័យដ៏ធំធេងក្នុងការបំផុសពលរដ្ឋឱ្យស្រលាញ់ និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី ដ៏មានតម្លៃរបស់ខ្មែរ និងបង្កើតមោទនភាពជាតិ

សៀមរាប៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា បានថ្លែងថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ២០២៤ ពិតជាមានអត្ថន័យដ៏ធំធេងក្នុងការបំផុសប្រជាជន កម្ពុជា ជាពិសេសកុលបុត្រ កុលធីតាជំនាន់ក្រោយឱ្យស្វែងយល់ ស្រលាញ់ និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏មានតម្លៃរបស់ខ្មែរ ក្នុងគោលដៅរក្សាអត្តសញ្ញាណជាតិ និងបង្កើតមោទនភាព ជាតិ។
លោក ទៀ សីហា បានថ្លែងបែបនេះ នៅក្នុងពិធីបើកព្រឹត្តការណ៍សៀមរាបសង្ក្រាន លើកទី៣ នៅថ្ងៃទី១៣ខែមេសាឆ្នាំ២០២៤ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ ឯកឧត្តម បានកោតសរសើរចំពោះអាជ្ញា ធរខេត្ត ក៏ដូចជាកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងស្ថាប័នទាំងអស់ ដែលបានចូលរួមគាំទ្រចំពោះសកម្មភាពរបស់យុវជន ដែលរៀបចំអង្គរសង្ក្រាន្តកន្លងទៅ និងជាពិសេសនៅក្នុងឆ្នាំនេះ ។
ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជារាជរដ្ឋាភិបាលបន្តវេនថ្មី បាននិងកំពុង ដំណើរការក្នុងជំហានដ៏ស្វាហាប់ មានឆន្ទៈមោះមុតពិតប្រាកដ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើ ប្រទេសជាតិ និងប្រជាជន។ ជាក់ស្តែង រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងបន្តអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់ វិស័យ ក្នុងនោះបានថែរក្សា និងលើកស្ទួយនូវវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏រុងរឿង ផ្តល់ឱកាសដល់យុវជន ក្នុងការចូលរួមដោយស្ម័គ្រចិត្ត ផ្លាស់ប្តូរបទពិសោធន៍ ក្នុងកិច្ចការងារសង្គម និងបង្កើននូវភាពស្និទ្ធស្នាល សាមគ្គី ភាពក្រោមបរិយាកាសសប្បាយរីករាយ។
លោកឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ២០២៤ ពិតជាមានអត្ថន័យដ៏ធំធេងក្នុងការបំផុសប្រជាជន កម្ពុជា ជាពិសេសកុលបុត្រ កុលធីតាជំនាន់ក្រោយឱ្យស្វែងយល់ ស្រលាញ់ និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏មានតម្លៃរបស់ខ្មែរ ក្នុងគោលដៅរក្សាអត្តសញ្ញាណជាតិ និងបង្កើតមោទនភាព ជាតិ។ មួយវិញទៀត ការរៀបចំសង្ក្រាន្តបានបង្កើតនូវព្រឹត្តិការណ៍មួយ សម្រាប់ជួបជុំរវាងមនុស្ស និងបេតិកភណ្ឌរូបិយ រវាងអរូបិយ និងរូបិយជាមួយគ្នាផងដែរ។ ព្រឹត្តិការណ៍នេះ ក៏ជាឱកាសមួយសម្រាប់ការជួបជុំមហាជន យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ បានស្វែងយល់អំពីជំនឿសាសនា បានឃើញនិងសិក្សាបន្ថែមអំពីភាពរុងរឿងល្បីល្បាញ សំបូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងបន្តថែរក្សាកេរ្តិ៍មរតកទាំងនេះឱ្យបានគង់វង្ស បំផុសគំនិតរូបរួមកម្លាំងមហាសាមគ្គី និងបណ្តុះស្មារតី “អភិរក្ស ដើម្បីអភិវឌ្ឍន៍” “អភិវឌ្ឍន៍ដើម្បីអភិរក្សវប្បធម៌អត្តសញ្ញាណជាតិខ្មែរក្នុងសម័យសាកលភាវូបនីយកម្មទំនើប ជំនាន់ថ្មីនេះ ព្រមទាំងជាការផ្តល់ឱកាសឱ្យ ពាណិជ្ជករ អាជីវករចូលរួមតាំងបង្ហាញផលិតផល វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារដោយទៅលើការបង្ហាញពីអត្ត សញ្ញាណវប្បធម៌ក្នុងតំបន់ ក៏ដូចជាដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងប្រជាជាតិខ្មែរ និងប្រជាជាតិលើសកលលោកតាមរយៈនៃ ការចូលរួមពីសំណាក់ភ្ញៀវទេសចរណ៍អន្តរជាតិ បន្តពង្រីកកិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិ។
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា នៅឆ្នាំ២០២៤នេះ ដោយមានកិច្ចសហការពី មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និងដៃគូ សហការនានា ជាពិសេសបងប្អូនសហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ដ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ និងទាក់ទាញភ្ញៀវជាតិ អន្តរជាតិ មកទស្សនានៅខេត្តសៀមរាប (ស្របតាមយុទ្ធនាការ ទស្សនាសៀមរាប ឆ្នាំ២០២៤)។ ព្រឹត្តិការណ៍នេះបានរៀបចំបែងចែកតំបន់កម្មវិធីជា ២ធំៗ ដូចជាតំបន់ទី១ នៅតំបន់សួនច្បារព្រះរាជដំណាក់ ។នៅតំបន់ទី២ ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប រហូតដល់តំបន់ផាប់ស្រ្កឹត និងក្នុងក្រុងសៀមរាប ក្នុងនោះតំបន់មាត់ស្ទឹង មានកម្មវិធីជិះទូកកំសាន្ត កម្មវិធីហែរក្បួនទូក ស្តង់ពិព័រណ៍ ម្ហូបអាហារ ការប្រគុំតន្ត្រីស្គរដៃ ការសម្តែងសិល្បៈបុរាណប្រពៃណី កម្មវិធីពូនភ្នំខ្សាច់ក្នុងវត្តរាជបូណ៌ និងកម្មវិធីជាច្រើនទៀត។ឯកឧត្ដមបន្ថែមថា សៀមរាបសង្ក្រាន្តនេះ បានសាមគ្គីគ្នាជាធ្លុងមួយ ខិតខំប្រឹងប្រែងបំពេញការងារតាមក្រុមរៀងៗខ្លួន ទោះបីអាកាសធាតុមានការប្រែប្រួលធ្វើឱ្យមានការកើនឡើងកម្ដៅខ្លាំង ប៉ុន្តែនេះមិនមែនជាបញ្ហាសម្រាប់ក្រុមការងារក្នុងការរៀបចំព្រឹត្តិការណ៍នោះទេ៕
អត្ថបទ៖ ជា ស្រស់













