ព័ត៌មានជាតិ

អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាមថា នឹងធ្វើឱ្យខេត្តកំពតស្អាតគ្មានសំរាមកកស្ទះអំឡុងពេលចូលឆ្នាំថ្មី

image

កំពត៖ ដោយសារកំណើនភ្ញៀវទេសចរមកសម្រាកលម្ហែក្នុងខេត្តកំពតច្រើន អាជ្ញាធរក្រុង និងក្រុមហ៊ុនប្រមូលសំរាម មានការព្រួយបារម្ភអំពីការទុកដាក់ និងការប្រមូលសំរាមឱ្យបានទាន់ពេលវេលា។ តែទោះជាយ៉ាងណាក៏ដោយ បើតាមការបញ្ជាក់របស់អាជ្ញាធរ និងក្រុមហ៊ុនថា បានត្រៀមខ្លួនរួចរាល់ ក្នុងការធ្វើឱ្យខេត្តកំពតស្អាត គ្មានសំរាមកកស្ទះ ឬរាយប៉ាយតាមទីសាធារណៈ នៅក្នុងកំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។

អភិបាលក្រុងកំពត លោក លាង រឿនសុធី បានបញ្ជាក់ថា អាជ្ញាធរ បានយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យទេសចរណ៍ខេត្តយ៉ាងខ្លាំង ហើយជាលទ្ធផលក្រុងកំពតឆ្នាំនេះ ទទួលបានពានរង្វាន់ផ្ការំដួលបីទង ក៏ដូចជាពារង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានផងដែរ។ ហើយដើម្បីថែក្សាមុខមាត់ និងកិត្តិសយរបស់ខេត្ត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ រដ្ឋបាលក្រុងបានប្រជុំផ្សព្វផ្សាយ ណែនាំដល់គ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់ឱ្យចូលរួមលើកកម្ពស់ការងារអនាម័យបរិស្ថាន ពិសេសការគ្រប់គ្រងសំណល់ និងសំរាម។ ហើយរដ្ឋបាលក្រុងបានបន្ថែមកម្លាំងកម្មករជាច្រើនបន្ថែម ដើម្បីសម្អាតនៅតាមតំបន់សំខាន់ៗជាប្រចាំ ដូចជាតំបន់ដងព្រែកកំពង់បាយ តំបន់សេះសមុទ្របាញ់ទឹក និងសួនច្បារសាធារណៈផ្សេងៗសំខាន់ៗនៅក្នុងក្រុង។ 

លោកអភិបាលក្រុងក៏បានស្នើដល់ពលរដ្ឋ ភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងក្រុងកំពតទាំងអស់ ចូលរួមសហការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ព្រោះអនាម័យបរិស្ថានស្អាតគឺផ្តើមចេញពីយើងទាំងអស់គ្នា។

ជាមួយគ្នានេះដែរ នាយកក្រុមហ៊ុនប្រមូលសំរាម កំពតហ្គ្រីន លោក សួន សុភក្ត្រ ក៏បានប្រាប់ឱ្យដឹងដែរថា ក្រុមហ៊ុនរបស់លោកបានត្រៀមរួចរាល់អស់ហើយសម្រាប់ការប្រមូលសំរាមក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៤ថ្ងៃនេះ ដែលមានទាំងរថយន្តដឹកសំរាម សម្ភារៈទុកដាក់សំរាម និងកម្លាំងកម្មករ ដោយបន្ថែមរហូតដល់ជាង ៨០នាក់ ដើម្បីធ្វើយ៉ាងណាឱ្យការងារប្រមូលសំរាមប្រព្រឹត្តទៅដោយរលូន គ្មានការកក់ស្ទះកំឡុងពេលចូលឆ្នាំ ដែលនឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងខេត្តកំពតច្រើនជាងឆ្នាំមុនៗ ព្រោះអាជ្ញាធរខេត្ត បានអភិវឌ្ឍន៍ និងបង្កើតកន្លែងកម្សាន្តជាច្រើន ពិសេសរូបសំណាកសេះសមុទ្របាញ់ទឹក និងឆ្នេរខ្សាច់កម្សាន្តផងដែរ។ 

អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម អំពាវនាវ ដល់ពលរដ្ឋ និងទេសចរ សូមជួយថែរក្សាអនាម័យបរិស្ថាន ពិសេសការទុកដាក់សំរាមឱ្យមានរបៀបរាបរយ ក្រោយពេលទទួលទានរួចសូមជួយវេចខ្ទប់យកទៅដាក់ក្នុងធុងសំរាម ជៀសវាងការបោះសំរាមចោលពាស់វាលពាស់កាល ដែលបង្កឱ្យមានផលលំបាកក្នុងការប្រមូល និងធ្វើឱ្យខូចសោភ័ណភាពកក្រុង។ ដោយឡែកម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន អាជីវករ ក៏ត្រូវចូលរួមប្រើប្រាស់សេវាប្រមូលសំរាម ហើយក្នុងករណីមានភ្ញៀវមកច្រើនធ្វើសំរាមចាល់ ត្រូវទំនាក់ទំនងទៅក្រុមហ៊ុនសំរាម ដោយហាមយកទៅគរទុកនៅលើចិញ្ចើមផ្លូវសាធារណៈ៕

អត្ថបទ៖ វង្ស សុធារម្យ