សង្គម

ព្រឹត្តិការណ៍ថ្ងៃទី១នៃកំពង់ស្ពឺសង្ក្រាន្ត ខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិជិត ៣០ម៉ឺននាក់

image



កំពង់ស្ពឺ៖​ ថ្ងៃទី១នៃកំពង់ស្ពឺសង្ក្រាន្ត ខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៣០ម៉ឺននាក់​ បានមកស្នាក់នៅ លេងកម្សាន្តនៅតាមរមណីយដ្ឋាននានា​ និងក្នុងព្រឹត្តិការណ៍សង្រ្កាន្តដែលរៀបចំដោយរដ្ឋបាលខេត្ត សហការជាមួយ​ សសយកខេត្ត។ នេះបើយោងតាមរបាយរបស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។
លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងថា ភ្ញៀវទេសចរសរុបដែលបានមកស្នាក់នៅ​ និងដើរលេងកម្សាន្តនៅតាមសហគមន៍ទេសចរណ៍​ និងក្នុងព្រឹត្តិការណ៍សង្ក្រាន្តមានប្រមាណ​ ២៧០.៤៦៥នាក់ក្នុងនោះភ្ញៀវជាតិ​ ២៧០.១៨០នាក់ និងភ្ញៀវអន្តរជាតិ​ ២៨៥នាក់ផងដែរ។
លោក រស់ សុខ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមភ្ញៀវទេសចរទាំង២៧០.៤៦៥នាក់ ខាងលើ ភ្ញៀវទេសចរមកលេងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តមាន​ចំនួ​ន​ ២៥៩.៨៤០នាក់ក្នុងនោះភ្ញៀវជាតិ ​២៥៩.៧៨២នាក់
និងភ្ញៀវអន្តរជាតិ ​៥៨នាក់ និងភ្ញៀវទេសចរតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍មានចំនួន១០.​៣៤០នាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានគូសបញ្ជាក់បន្ថែមថា សម្រាប់ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំថ្មីនេះ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំឱ្យមានល្បែងប្រជាប្រិយជាច្រើនប្រភេទ ដែលរៀបចំដាច់ដោយឡែកពីគ្នាដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ភ្ញៀវទេសចរជាតិ អន្តរជាតិអាចបានចូលរួមលេងកម្សាន្ត និងសប្បាយរីករាយទៅតាមចំណង់ចំណូលចិត្ត ហើយក្នុងនោះដែរក៏មានការរៀបចំការប្រកួតទាញព្រ័តយក្ស ប្រកួតកីឡាធ្លាក់ទឹក និងប្រកួតសំនៀងឯក ដើម្បីទទួលបានពានរង្វាន់ពីរដ្ឋបាលខេត្តផងដែរ៕
អត្ថបទ៖ ប៊ុត សារុន