ព័ត៌មានជាតិ

ភ្ញៀវទេសចរជិត ២ម៉ឺននាក់ ទៅកម្សាន្តខេត្តកំពត នាថ្ងៃទី ១នៃពិធីបុណ្យចូលឆ្នាំថ្មី ខណៈភ្ញៀវនឹងកើនឡើងខ្លាំងនៅថ្ងៃទី២នេះ ដោយសារព្រឹត្តិការណ៍កំពតសង្ក្រាន្តចាប់ផ្តើម

image


កំពត៖ បើទោះជាកម្មវិធីកំពតសង្ក្រាន្តមិនទាន់ចាប់ផ្តើមក៏ពិតមែន ប៉ុន្តែភ្ញៀវទេសចរបានមកលេងកម្សាន្តក្នុងខេត្តនេះច្រើនហួសពីការរំពឹងទុក ដោយក្នុងនោះនៅតាមគោលនៅទេសចរ ណ៍រមណីយដ្ឋាននានា ទូទាំងខេត្ត បានទទួលស្វាគមន៍ទេសចរជាតិ និងអន្តរជាតិជិត ២ម៉ឺននាក់ សម្រាប់ថ្ងៃទី ១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
មន្ត្រីជំនាញរំពឹងថា នៅថ្ងៃទី ២នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ភ្ញៀវទេសចរនឹងសម្រុកមកកម្សាន្តនៅខេត្តកំពតកាន់តែច្រើន ខណៈការរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តក៏ចាប់ផ្តើមនៅថ្ងៃនេះដែរ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា សម្រាប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ គឺជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថានភាពទូទៅមានភាពល្អប្រសើរ គ្មានបញ្ហាអ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ ដោយឡែកកាលពីម្សិលមិញនេះ បើទោះបីជាកម្មវិធី កំពតសង្ក្រាន្ត មិនទាន់បានចាប់ផ្តើមនៅឡើយទេ ប៉ុន្តែគេសង្កេតឃើញថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានចេញមកដើរលេងកម្សាន្តច្រើននៅក្នុងក្រុងកំពត ចាប់តាំងពីព្រឹកព្រលឹមរហូតដល់យប់ជ្រៅ ពិសេសទីតាំង រូបសំណាកសេះសមុទ្របាញ់ទឹក មុខសាលាខេត្តចាស់។ ដោយឡែកនៅតាមតំបន់រមណីយដ្ឋាននានាៗក្នុងខេត្ត មានភ្ញៀវទេសចរដើរលេងកម្សាន្តប្រមាណជិត ២ម៉ឺននាក់។
លោកបានលើកឡើងថា នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំ ខេត្តកំពតមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានចូលរួមលេងកម្សាន្តសប្បាយក្នុងកម្មវិធីផ្សេងៗក្នុងខេត្ត ហើយនៅថ្ងៃទី២នេះ លោករំពឹងថា នឹងមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរកាន់តែមកលេងច្រើន។
ភ្ញៀវទេសចរដែលមានស្រុកកំណើតនៅតាមបណ្តាស្រុកនានាក្នុងខេត្តកំពត បានលើកឡើងថា ខេត្តកំពត ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្ត បានរៀបចំកែលម្អ និងអភិវឌ្ឍន៍រីកចម្រើនគួរជាទីមោទនៈ ពិសេសការរៀបចំសង្ក្រាន្តឆ្នាំថ្មី មានភាពល្អប្រសើរ ទាំងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការសម្អាតបរិស្ថានអនាម័យ និងតុបតែងលម្អភ្លើងពណ៌នៅតាមទីសាធារណៈសំខាន់ៗ ពិសេសសមទ្ធិផលថ្មីៗជាច្រើននៅក្នុងងក្រុងកំពត គឺស្អាតហើយទាក់ទាញ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ កំពតសង្ក្រាន្ត នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ហើយថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ខេត្តកំពតមានស្រុកចំនួន២ នឹងចាប់ផ្តើមធ្វើសង្ក្រាន្តឆ្នាំថ្មីផងដែរ គឺមានស្រុកកំពង់ត្រាច ធ្វើនៅរមណីយដ្ឋានធម្មជាតិភ្នំកំពង់ត្រាច និងស្រុកទឹកឈូ ធ្វើនៅឆ្នេរខ្សាច់កម្សាន្តកោះស្មៅ ចាប់ពីម៉ោង ៣រសៀលដល់ម៉ោង ៧:០០យប់៕
អត្ថបទ៖ វង្ស សុធារម្យ