ព័ត៌មានជាតិ

ថ្ងៃទី១នៃពិធីចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ជិត​ ១៦ម៉ឺននាក់ មកលេងខេត្ត និងសង្រ្កាន្តបាត់ដំបង

image


បាត់ដំបង៖ អនុប្រធានមន្ទីទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ​ បានឱ្យដឹងយ៉ាងដូច្នេះថា ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨នេះ មានអ្នកទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋបានមកលេងកម្សាន្តនៅខេត្តបាត់ដំបង ជិត​ ១៦ម៉ឺននាក់។
លោក ហម អរុណ បានបញ្ជាក់ថា ខេត្តបាត់ដំបង មានគោលដៅទេសចរណ៍ជាច្រើនកន្លែងក្រោមការគ្រប់គ្រងដោយវិស័យឯកជន និងរដ្ឋមួយចំនួន បានរៀបចំឱ្យមានការទាក់ទាញសម្រាប់ដាក់ជូនភ្ញៀវទេសចរមកលេង នៅតាមបណ្តារមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ ជាពិសេសគឺទីតាំងសង្ក្រាន្តបាត់ដំបង ស្ថិតនៅក្នុងក្រុងបាត់ដំបង ផ្ទាល់តែម្តង ដែលត្រឹមតែមួយថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ សរុបទាំងអស់ចំនួន ១៥៩.១៦៩នាក់ ក្នុងនោះ មានភ្ញៀវទេសចរជាតិចំនួន ១៥៨.៧១១នាក់ និងភ្ញៀវទេសចរអន្តរជាតិ ចំនួន ៤៥៨នាក់។
លោក អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានដាក់ការរំពឹងទុកថា ខេត្តបាត់ដំបង ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ នឹងស្រូបទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការកើនឡើងថែមទៀត ខណៈរដ្ឋបាលខេត្តបាត់ដំបង ក៏ដូចជាមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានខិតខំយកចិត្តទុកដាក់ក្នុងការរៀបចំនិងពង្រីកទីតាំងទេសចរណ៍បានល្អ ហើយអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺទីតាំងសង្រ្កាន្តបាត់ដំបង នៅវិទ្យាល័យនេតយ៉ង់ ដោយមានការរៀបចំឱ្យមានជាតំបន់សំខាន់ៗចំនួន​ ៦តំបន់ផ្សេងៗគ្នា ជាពិសេសតំបន់ត្រជាក់ចិត្ត ដែលជាតំបន់ទាក់ទាញខ្លាំងជាងតំបន់ណាៗទាំងអស់ ដោយសារតែឱ្យមានការបាញ់ទឹក បាញ់ទឹកសាប៊ូ នៅខាងក្រោយរូបសំណាកលោកតាដំបងក្រញូង ព្រមទាំងមានដាក់ពាងទឹកចាប់ពីតំបន់ត្រជាក់ មកដល់ខាងមុខអគារសាលាខេត្តបាត់ដំបង ដើម្បីបង្កលក្ខណៈឱ្យមានការងួតទឹកលេង សមស្របនឹងស្ថានភាពនៃធាតុអាកាសកំពុងមានភាពក្តៅផង រឹតតែធ្វើឱ្យប្រជាពលរដ្ឋ និងស្រទាប់យុវវ័យដែលបានទៅលេងកម្សាន្តតំបន់នោះច្រើនផងដែរ៕
ដោយ៖ គួយ គឹមស៊ន