ព័ត៌មានជាតិ

ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី មានភ្ញៀវទេសចរដេីរកម្សាន្ដខេត្តបន្ទាយមានជ័យ សរុបជិត ១២ម៉ឺននាក់ កើនឡើង ១៦%

image

បន្ទាយមានជ័យ៖ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថា ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខេត្តបន្ទាយមានជ័យ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តទូទាំងខេត្ត សរុបប្រមាណជិត ១២ម៉ឺននាក់ កើនឡើងជាង ១៦% បើធៀបនឹងថ្ងៃទី១ដូចគ្នាកាលពីឆ្នាំកន្លងទៅ។

របាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា សរុបចំនួនភ្ញៀវទេសចរ ១២៦.៤៨១នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ១២៥.៧១៦នាក់ ភ្ញៀវអន្តរជាតិចំនួន ៧៦៥នាក់ ភាគច្រើនគឺជនជាតិចិន ថៃ និងជនជាតិឥណ្ឌូណេស៊ី នៅតំបន់ប៉ោយប៉ែត។

តំបន់ដែលភ្ញៀវទេចរទៅដើរលេងកម្សាន្ដច្រេីន រួមមាន៖ សួនតេជោឈ្នះឈ្នះ, សួនមានជ័យក្រុងសិរីសោភ័ណ, ប្រាសាទបន្ទាយឆ្មារ, អាងជើងគ្រុស, ស្ពានភ្ជាប់និស្ស័យបារាយមេបុណ្យ, ក្រុងប៉ោយប៉ែត (តំបន់ដើមពុទ្ទ្រា)ព្រំដែនថៃ, អាងត្រពាំងថ្ម, វត្តភ្នំតូច, អូរខៃដន, ដុងអរញ្ញ, សួនស្នេហ៍ជនបទ និងតំបន់ផ្សេងៗ (វត្តអារាមនានាក្នុងខេត្ត)។

ក្រៅពីកម្សាន្ដនៅតំបន់ទេសចរណ៍ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានរៀបចំពិធីសង្ក្រាន្ដផងដែរ នៅថ្ងៃទី១នេះ ក្នុងនោះមានរាំលេងកម្សាន្ដ របាំត្រុដិ, ល្បែងប្រជាប្រិយ, និងទទួលបងប្អូន ញាំនំបញ្ចុកសម្លខ្មែរដោយសេរី និងមានពិព័រណ៍ភូមិមួយ ផលិតមួយនៅនឹងសួនមានជ័យ(ក្រុងសិរីសោភ័ណ) ដែលរៀបចំដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ ជា ថន