ភ្ញៀវទេសចរជិត ១ម៉ឺននាក់ ទៅកម្សាន្តខេត្តស្ទឹងត្រែងនាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មី ខណៈថ្ងៃទី២នេះ នឹងមានភ្ញៀវកើនឡើងខ្លាំងក្នុងព្រឹត្តិការណ៍ស្ទឹងត្រែងសង្ក្រាន្ត

ស្ទឹងត្រែង៖ នៅថ្ងៃចាប់ផ្តើមកម្មវិធីស្ទឹងត្រែសង្ក្រាន្តយប់មិញ ភ្ញៀវទេសចរបានមកលេងកម្សាន្តក្នុងខេត្តនេះ មានចំនួនច្រើនគួរឲ្យកត់សម្គាល់ ដោយក្នុងនោះនៅតាមគោលនៅទេសចរ ណ៍រមណីយដ្ឋាននានា ទូទាំងខេត្ត បានទទួលស្វាគមន៍ទេសចរជាតិ និងអន្តរជាតិជិត ១ម៉ឺននាក់ សម្រាប់ថ្ងៃទី ១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោកអ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍រំពឹងថា នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ភ្ញៀវទេសចរនឹងសម្រុកមកកម្សាន្តនៅខេត្តស្ទឹងត្រែងកាន់តែច្រើន ខណៈការរៀបចំព្រឹត្តិការណ៍ស្ទឹងត្រែងសង្ក្រាន្តក៏ចាប់ផ្តើមនៅថ្ងៃនេះដែរ។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គុង បានប្រាប់ឱ្យដឹងថា សម្រាប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ គឺជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថានភាពទូទៅមានភាពល្អប្រសើរ គ្មានបញ្ហាអ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ ដោយឡែកកាលពីយប់មិញនេះ បើទោះបីជាកម្មវិធី ស្ទឹងត្រែងសង្ក្រាន្ត មិនទាន់បានចាប់ផ្តើមនៅឡើយទេ ប៉ុន្តែគេសង្កេតឃើញថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានចេញមកដើរលេងកម្សាន្តច្រើននៅក្នុងក្រុងស្ទឹងត្រែង ចាប់តាំងពីរសៀលរហូតដល់យប់ជ្រៅ ពិសេសទីតាំងមុខសាលាខេត្ត នៅរង្វង់មូលកងចក្រ នៅតាមសួនច្បារ និងតាមដងទន្លេ ដោយឡែកនៅតាមតំបន់រមណីយដ្ឋាននានាៗក្នុងខេត្ត មានភ្ញៀវទេសចរដើរលេងកម្សាន្តផងដែរ។
លោក ម៉ែន គុង សង្ឃឹមថា នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំ ខេត្តស្ទឹងត្រែង នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានចូលរួមលេងកម្សាន្តសប្បាយក្នុងកម្មវិធីផ្សេងៗក្នុងខេត្ត និងនៅតាមតំបន់គោលដៅទេសចរណ៍ផ្សេងៗក្នុងខេត្ត។
លោកបន្តថា ភ្ញៀវទេសចរដែលមានស្រុកកំណើតនៅតាមបណ្តាស្រុកនានាក្នុងខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានរៀបចំកែលម្អ និងអភិវឌ្ឍន៍រីកចម្រើនគួរជាទីមោទនៈ ពិសេសការរៀបចំសង្ក្រាន្តឆ្នាំថ្មី មានភាពល្អប្រសើរ ទាំងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការសម្អាតបរិស្ថានអនាម័យ និងតុបតែងលម្អភ្លើងពណ៌នៅតាមទីសាធារណៈសំខាន់ៗ ពិសេសសមទ្ធិផលថ្មីៗជាច្រើននៅក្នុងក្រុងស្ទឹងត្រែង គឺស្អាតហើយទាក់ទាញ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ ស្ទឹងត្រែងសង្ក្រាន្ត នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ខេត្តស្ទឹងត្រែមានស្រុកទាំង៦ នឹងចាប់ផ្តើមធ្វើសង្ក្រាន្តឆ្នាំថ្មីផងដែរ៕
អត្ថបទ៖ ម៉ាក មេត្តា








