រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ មន្រ្តីអ្នកនាំពាក្យ ត្រូវតែសហការឲ្យបានច្រើននិងជិតស្និតជាមួយអ្នកសារព័ត៌មាន 
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ វិស័យព័ត៌មានតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន មានការវិវឌ្ឍយ៉ាងលឿន ដែលការរីកចំរើននៃបច្ចេកវិទ្យានេះ មនុស្សជាច្រើនបានទទួលព័ត៌មានរហ័ស ទាំងព័ត៌មានមិនពិត និងព័ត៌មានផ្លូវការ។ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ព័ត៌មានផ្លូវការរបស់រដ្ឋគឺជាព័ត៌មានដែលចេញពីប្រភពរដ្ឋាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។

ថ្លែងបិទសិក្ខាសាលាមួយស្តីពី អភិបាលកិច្ចល្អនៅក្នុងបរិបទលំហូរព័ត៌មាននាយុគសម័យបច្ចេកវិទ្យាឌីជីថល ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា មន្រ្តីអ្នកនាំពាក្យ ត្រូវតែសហការគ្នាឲ្យបានច្រើន និងត្រូវសហការយ៉ាងជិតស្និតជាមួយអ្នកសារព័ត៌មាន ដើម្បីពង្រឹងការយល់ដឹងព័ត៌មានឲ្យបានត្រឹមត្រូវ ដើម្បីឆក់យកបេះដូងសាធារណៈជនជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាល ក្នុងបរិបទលំហូរព័ត៌មាននាយុគសម័យបច្ចេកវិទ្យាឌីជីថល ដែលមានទាំងព័ត៌មានពិត និងព័ត៌មានបំភ្លៃការពិត។

ជុំវិញភាពជាដៃគូររវាងមន្រ្តីអ្នកនាំពាក្យ និងអ្នកសារព័ត៌មាន ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា ភាពជាដៃគូររវាងមន្រ្តីអ្នកនាំពាក្យ និងអ្នកសារព័ត៌មាន គឺជាការបំពេញស្មារតីឲ្យគ្នាទៅវិញទៅមក ព្រោះអ្នកនាំពាក្យ ក៏ជាអ្នកសារព័ត៌មាន អ្នកសារព័ត៌មានក៏ជាអ្នកនាំពាក្យ ដែលនាំសារជួនដល់ប្រជាជន ប្រកបដោយភាពរលូន។

កម្មវិធីសិក្ខាសាលាស្តីពី អភិបាលកិច្ចល្អនៅក្នុងបរិបទលំហូរព័ត៌មាននាយុគសម័យបច្ចេកវិទ្យាឌីជីថល ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ មានរយៈពេល២ថ្ងៃ គឺមានទិសដៅពង្រឹង និងទប់ស្កាត បន្សាបព័ត៌មានក្លែងក្លាយ ដែលមានបំណងបំផ្លាញសន្តិភាពកម្ពុជា។ អង្គសិក្ខាសាល បានបិទ បញ្ចប់ដោយភាពជោគជ័យ និងបានពង្រឹងសមត្ថភាពមន្រ្តីអ្នកនាំពាក្យដែលមកពីស្ថាប័នអង្គភាពមន្ទីរព័ត៌មានរាជធានី-ខេត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់។ 

បើតាមឯកឧត្តម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា អង្គសិក្ខាសាលាបានប្រព្រឹត្តិទៅក្រោមបរិយាកាសដ៏ល្អប្រសើរ ដោយមានការយកចិត្តទុកយ៉ាងខ្លាំងពីសំណាក់សិក្ខាកាមជាអ្នកនាំពាក្យថ្នាក់ជាតិ  និងថ្នាក់ក្រោមជាតិ ក៏ដូចជាមន្រ្តីព័ត៌មានរាជធានីខេត្តចំនួន១៦៥នាក់ ក្រោមកិច្ចអន្តរាគមន៍ប្រកបដោយខ្លឹមសារពីសំណាក់វាគ្ម័នល្បីមានបទពិសោធន៍យូឆ្នាំក្នុងវិស័យសារព័ត៌មាន៕ដោយ៖អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation