ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា

image

នៅព្រឹកនេះដដែលបន្ទាប់ពីបានជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជារួចហើយសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបន្តជួបពិភាក្សាការងារជាមួយតទៀតជាមួយ​ នឹងឯកឧត្តម​ Christian Berger ឯកអគ្គរាជទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។

នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះ​ ឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា និងបានអបអរសាទរចំពោះ​ ឯកឧត្តមផងដែរចំពោះបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជានៅពេលនេះ។ សម្ដេចតេជោសង្ឃឹមថា នៅពេលដែលឯកឧត្តម​ បានចូលរួមនៅបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជានេះសង្ឃឹមថា ឯកឧត្តម​ នឹងជួយជំរុញក្នុងការពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

ឯកឧត្តម​ ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យឯកឧត្តមបានចូលជួបសំដែងការគួរសម នឹងពិភាក្សានៅពេលនេះ។ ឯកឧត្តមសន្យាថានឹងព្យាយាមឲ្យអស់លទ្ធភាពក្នុងការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់។ ឯកឧត្តមពិតជារីករាយដែលប្រទេសយើងទាំងពីរមានទំនាក់ទំនងនឹងគ្នាជាយូរមកហើយ។

ឯកឧត្តម​ ក៏បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រចំពោះបេក្ខភាពប្រទេសអាល្លឺម៉ង់នៅអង្គការសហប្រជាជាតិកន្លងមក ជាពិសេស​ ឯកឧត្តមក៏បានបញ្ជាក់ពីភាពជោគជ័យនៃដំណើរទស្សនកិច្ចរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៅកាន់ប្រទេសអាល្លឺម៉ង់កន្លងមកនេះ ដែលដំណើរទស្សនកិច្ចនេះគឺបានគូសបញ្ជាក់អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេស​ ឯកឧត្តមចង់ឃើញកិច្ចសហប្រតិបត្តិការល្អនឹងគ្នា។ ឯកឧត្តមបានបញ្ជាក់ថា ប្រទេសយើងទាំងពីរនៅមានសក្តានុពលយ៉ាងច្រើន ហើយអ្វីដែលឯកឧត្តមចាប់អារម្មណ៍បំផុតនោះគឺឥឡូវនេះជាសភាពពាណិជ្ជកម្មអាល្លឺម៉ង់ចង់បើកការិយាល័យនៅប្រទេសកម្ពុជាជាលើកដំបូង ដោយសារតែក្រុមហ៊ុនអាល្លឺម៉ង់មានការចាប់អារម្មណ៍លើសេដ្ឋកិច្ចកម្ពុជាគឺចង់មកបណ្ដាក់ទុននៅកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ បើយើងក្រឡេកទៅមើលវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរគឺមានការរីកចម្រើនយ៉ាងច្រើន ហើយកម្ពុជាក៏មានការនាំចូលពីអាល្លឺម៉ង់ច្រើនដែរដូចជារថយន្តជាដើម ហើយកម្ពុជាក៏មានការនាំចេញទៅអាល្លឺម៉ង់ច្រើនដែរដូចជាផលិតផលស្បែកជើងសម្លៀកបំពាក់ផងដែរ។​ សម្តេចបានមានប្រសាសន៍ថា កន្លងមកនេះ កម្ពុជាបានសម្រេចចិត្តទិញម៉ាស៊ីនភ្លើងដែលមួយគ្រឿងទិញពីប្រទេសអាល្លឺម៉ង់ ហើយបច្ចុប្បន្ននេះកម្ពុជាក៏មានផលិតផលដូចជាស្រាបៀររបស់ប្រទេសអាល្លឺម៉ង់ចែកចាយក្នុងប្រទេកម្ពុជាផងដែរដូច្នេះបើយើងក្រឡេកទៅមើលវិស័យធុរកិច្ចកម្ពុជាអាល្លឺម៉ង់នេះ គឺប្រទេសយើងទាំងពីរនៅមានសក្តានុពលច្រើន។

ក្នុងជំនួបនេះ សម្ដេចតេជោបានមានប្រសាសន៍ថាកម្ពុជានឹងត្រូវត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបឆ្នាំ២០២០ ខាងមុខនេះ ហើយជាពេលវេលាមួយដែលសមស្របសម្រាប់ប្រទេសអាល្លឺម៉ង់ធ្វើជាប្រធាននៃសហភាពអឺរ៉ុប ពីព្រោះនៅសហភាពអឺរ៉ុបគេមានធ្វើជាប្រធានប្តូរវេន ដូច្នេះ ប្រទេសទាំងពីរ និងសហការគ្នាធ្វើយ៉ាងណាឲ្យកិច្ចប្រជុំនេះទទួលបាននូវភាពជោគជ័យ។

ឯកឧត្តមអគ្គរដ្ឋទូត បានបន្តទៀតថានៅក្នុងអាណត្តិនេះ ឯកឧត្តមនឹងព្យាយាមជំរុញធ្វើយ៉ាងណាឱ្យប្រទេសយើងទាំងពីរបន្តនូវកិច្ចសហប្រតិបត្តិការល្អគ្នាជាបន្តទៀត។ នៅក្នុងឱកាសនោះផងដែរសម្តេចតេជោនាយកមន្ត្រី ក៏បានអរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង និងក៏បានមានប្រសាសន៍ផ្តាំសួរសុខទុក្ខចំពោះលោកស្រីអធិការបតីអាល្លឺម៉ង់ផងដែរ៕