ព័ត៌មានជាតិ

ព្រឹទ្ធសភាបង្ហាញថា ខ្លួនបានទទួលពាក្យបណ្តឹង ចំនួន១៦ករណី ក្នុងរយៈពេលចុងក្រោយនេះ

image

នាព្រឹកថ្ងៃនេះ ព្រឹទ្ធសភា បើកសម័យប្រជុំលើកទី៤ នីតិកាលទី៤ ក្នុងនោះ ព្រឹទ្ធសភាបង្ហាញថា ខ្លួនបានទទួលពាក្យបណ្តឹង ចំនួន១៦ករណី ក្នុងរយៈពេលចុងក្រោយនេះ។

សម័យប្រជុំលើកទី៤ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា និងមាន សមាជិកព្រឹទ្ធសភាចូលរួមប្រជុំចំនួន៥៨រូប។

ឯកឧត្តម ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា ឲ្យដឹងថា សម័យប្រជុំលើកទី៤នេះ បានដំណើរការដោយមានរបៀបវារៈតែ ១គឺ ស្តាប់របាយ-ការណ៍គណៈ កម្មាធិការអចិន្ត្រៃយ៍ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤។ក្នុងរយៈពេលបីខែនេះ ព្រឹទ្ធសភាបានប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន ៤លើក និងប្រជុំវិសាមញ្ញចំនួន ២លើក ដោយពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ចំនួន៥ច្បាប់។

ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន ១៦ករណី ប្រជុំផ្ទៃក្នុងគណៈកម្មការចំនួន ១០លើក ចុះបេសកកម្មក្នុងប្រទេសចំនួន ១០លើក បំពេញបេសកកម្មក្រៅប្រទេសចំនួន ០៦លើក ចូលរួមសិក្ខាសាលា វេទិកា និងកិច្ចប្រជុំនានាចំនួន ១៧៦ លើក និងចូលរួមពិធីផ្លូវការផ្សេងៗចំនួន ៣៥០លើក ព្រមទាំងចុះមូលដ្ឋានដោយឡែករៀងៗខ្លួនចំនួន១៩១លើក។

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ និងក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំវេទិកា សាធារណៈចំនួន ៣លើក នៅខេត្តពោធិ៍ សាត់ ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ ដើម្បីដោះ-ស្រាយបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងជីអណ្តូងទឹកស្អាត ជីកស្រះទឹក ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពត កែប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ ព្រមទាំងចូលរួមក្នុងពិធីផ្សេងៗ។

ក្នុងអំឡុងពេលចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤នេះ ថ្នាក់ដឹកនាំ គណៈ កម្មាធិការអចិន្រ្តៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា សមាជិក សមាជិកាព្រឹទ្ធសភានីតិកាលទី៤ បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ទាំងក្នុងប្រទេស និងក្រៅប្រទេស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ៕អត្ថបទ៖ វង សុភ័ក្ត្រ


ព័ត៌មានទាក់ទង...