ឯកអគ្គរដ្ឋទូតគុយបា ចប់អាណត្តិថ្លែងអំណរគុណជាថ្មីដល់កម្ពុជា ដែលគំាទ្រដល់ការដកទណ្ឌកម្មសេដ្ឋកិច្ចអាមេរិកមកលើគុយប៉ា
| ព័ត៌មានជាតិ
SHARE

ប្រទេសគុយប៉ា ជាថ្មីម្តងទៀត តាមរយៈ ឯកឧត្តម ជួន ដឺ​ ជេហ្សឹស ហីដាល់ហ្គូ​ ហ្គាតូ ប៉េរ៉េស​ (H.E. Mr. Juan de Jesús Hidalgo-Gato Péres) ឯកអគ្គរាជទូត នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចប់អាណត្តិ បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានគំាទ្រដល់ការដកទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកមកលើប្រទេសគុយប៉ា។

ជាមួយគ្នានេះ ឯកឧត្តម ជួន ដឺ ជេហ្សឹស ហីដាល់ហ្គូហ្គាតូ ប៉េរ៉េស បានវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរកម្ពុជា-គុយប៉ា ទំាងនៅស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។

ឯកឧត្តមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានគំាទ្ររដ្ឋាភិបាលនិងប្រជាជនគុយប៉ានៅគ្រប់កាលៈទេសៈ។ ឯកឧត្តម ជួន ដឺ ជេហ្សឹស ហីដាល់ហ្គូហ្គាតូ ប៉េរ៉េស លើកឡើងដូច្នេះ នៅក្នុងឱកាសចូលសម្តែងការគួរសមនិងជម្រាបលាសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែតុលា​ ឆ្នាំ២០១៩ មុនពេលដែលឯកឧត្តមត្រូវចាកចេញពីកម្ពុជា ខណៈដែលការបំពេញបេសកកម្មការទូតនៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ។

ឯកឧត្តមឯកអគ្គរដ្ឋទូតគុយប៉ា ចប់អាណត្តិ​ បានគូសបញ្ជាក់ថា ជោគជ័យនៅក្នុងបេសកកម្មការទូតរបស់ឯកឧត្តម​ គឺមានការគំាទ្រពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិរបស់កម្ពុជា ដែលនៅក្នុងនោះមានសម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន​។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងអាណត្តិការទូតរបស់ឯកឧត្តម ដែលបានរួមចំណែកដ៏ធំធេងក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាង ប្រទេសទាំងពីរ កម្ពុជា-គុយបា ឲ្យកាន់តែរឹងមាំ រីកចម្រើនជាបន្តបន្ទាប់។

សម្តេចប្រធានរដ្ឋសភា លើកឡើងថា គុយបា ជាប្រទេសមួយ នៅក្នុងចំណោមប្រទេសមិនច្រើនទេលើពិភពលោក ដែលធ្លាប់យកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រកម្ពុជា ក្រោយពីបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីជាង៤០ឆ្នាំមុន ហើយក្នុងដំណាក់កាលជាបន្តបន្ទាប់ គុយបាក៏បានបន្តរួមចំណែកដល់កាអភិវឌ្ឍន៍នៅកម្ពុជា រហូតដល់បច្ចុប្បន្ន ធ្វើអោយកម្ពុជា ចាត់ទុកគុយបាជាមិត្តដ៏ល្អ នៅគ្រប់កាលៈទេសៈ។

ឯកឧត្តម ជួន ដឺ ជេហ្សឹស ហីដាល់ហ្គូហ្គាតូ ប៉េរ៉េស បានស្នើសុំសម្តេចប្រធានរដ្ឋសភាគំាទ្រ ដល់បេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតគុយប៉ា ប្រចំានៅកម្ពុជាក្នុងអាណត្តិក្រោយៗទៀត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation