រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អំពាវនាវដល់អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ចូលរួមទប់ស្កាត់សកម្មភាពរបស់ក្រុមប្រឆាំង ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ ឯកឧត្តម ទិត ចន្ថា បានប្រជុំជាមួយមន្ត្រីរាជការក្រោមឱវាទ ដើម្បីផ្សព្វផ្សាយពីវិធានការនានា ដែលរាជរដ្ឋាភិបាល បានដាក់ចេញ ធ្វើយ៉ាងណា ទប់ស្កាត់ឱ្យខាងតែបាន នូវសកម្មភាពរបស់ក្រុមប្រឆាំង ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល។

ឯកឧត្តម ទិត ចន្ថា បានណែនាំ ដល់មន្ត្រីក្រោមឱវាទក្រសួង ត្រូវរួមចំណែកទប់ស្កាត់សកម្មភាពល្មើសនឹងរដ្ឋធម្មនុញ្ញរបស់ក្រុមប្រឆាំង ដើម្បីការពារស្ថិរភាព សន្តិភាព ការអភិវឌ្ឍ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ពិសេសគឺដើម្បីការពារការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា។

ឯកឧត្តម បានអំពាវនាវសូមឱ្យប្រតិបត្តិករទេសចរណ៍ មគ្គទ្ទេសក៍ទេសចរណ៍គ្រប់គ្នា បង្កើនការទទួលបដិសណ្ឋារកិច្ច ពង្រឹងគុណភាពសេវាកម្ម បរិស្ថាន អនាម័យ សុវត្ថិភាពចំណីអាហារ បង្កើនការរក្សាភាពស្អាត និងបៃតងឱ្យបានល្អប្រសើរជាងមុន។

ឯកឧត្តម គូសបញ្ជាក់ថា ការលើកឡើងរបស់ក្រុមប្រឆាំង ដែលនឹងចូលមកប្រទេសកម្ពុជាវិញនោះ មិនមានការប៉ះពាល់ធ្ងន់ធ្ងរដល់ចន្តរទេសចរ និងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជានោះទេ ខណៈប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅតែប្រកបការងារ ធ្វើដំណើរទៅមក និងចេញដើរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍នានាជាធម្មតា។

ឯកឧត្តមលើកឡើងថា កម្ពុជាទទួលបានទេសចររាប់លាននាក់ដូចពេលបច្ចុប្បន្ន ក៏ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ដូច្នេះយើងទាំងអស់គ្នាមិនត្រូវបំផ្លាញគោលដៅទេសចរណ៍របស់ខ្លួនឡើយ។

សូមជម្រាបថា បើតាមការប្រកាសរបស់ក្រុមប្រឆាំងដែលមានទណ្ឌិត សម រង្ស៊ី ជាមេក្លោងក្បត់ជាតិនោះ ពួកគេនឹងត្រឡប់ចូលមកកម្ពុជាវិញចំថ្ងៃទី០៩ ខែវិច្ឆិកា ពោលគឺចំថ្ងៃប្រារព្ធទិវាឯករាជ្យជាតិ ក៏ដូចជានៅក្នុងកំលុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែផងដែរ៕ដោយ៖អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation