សម្តេចតេជោ ប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ជូនសិស្សមន្រ្តីជាន់ខ្ពស់ សិស្សមន្រ្តីក្រមការ កម្មសិក្សាការីឆ្នាំ២០១៧
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គ ប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ជូនសិស្សមន្រ្តីជាន់ខ្ពស់ សិស្សមន្រ្តីក្រមការ កម្មសិក្សាការីឆ្នាំ២០១៧ ចំនួន៥៦៧នាក់ និងបើកវគ្គបណ្តុះបណ្តាលសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១០ វគ្គវិក្រឹត្យការកម្មសិក្សាការីជាន់ខ្ពស់ មន្រ្តីមធ្យមឆ្នាំ២០១៨ ចំនួន៤៦១នាក់ របស់សាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ។

តាមរបាយការណ៍របស់ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា ការបណ្ដុះបណ្ដាលដំបូង សម្រាប់វគ្គសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ត្រូវបានធ្វើការជ្រើសរើស តាមរយៈការប្រឡងប្រជែងយ៉ាងសម្រិតសម្រាំង ។ ការចុះឈ្មោះចូលរួមប្រលងតាមប្រព័ន្ធព័ត៌មានវិទ្យា ត្រូវបានដាក់អនុវត្តជាលើកដំបូងក្នុងឆ្នាំ ២០១៧ សម្រាប់បេក្ខជនសិស្សមន្ត្រីជាន់ខ្ពស់ ។

ក្នុងឆ្នាំ ២០១៨ សិស្សមន្ត្រីជាន់ខ្ពស់ចំនួន ៥៦នាក់ បានបញ្ចប់ការសិក្សារយៈពេល ២ ឆ្នាំដោយជោគជ័យ ប្រកបដោយសមត្ថភាពជំនាញខ្ពស់ លើផ្នែករដ្ឋបាលសាធារណៈ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទំនាក់ទំនងអន្តរជាតិ ហើយត្រូវបានចាត់ឲ្យទៅបំពេញការងារ នៅតាមក្រសួងស្ថាប័នរួចហើយ។

សិស្សមន្ត្រីក្រមការចំនួន១០១នាក់ ក៏បានបញ្ចប់ការសិក្សារយៈពេល១ឆ្នាំ ដោយជោគជ័យ លើប្រតិបត្តិការទូទៅ ក្នុងរដ្ឋបាលសាធារណៈ ដែលនឹងត្រូវបែងចែក ទៅបំពេញការងារនៅតាមក្រសួង ស្ថាប័ននាពេលខាងមុខនេះ។

លើសពីនេះក្នុងឆ្នាំ ២០១៧ សាលាបានដាក់ឲ្យដំណើរការជាលើកដំបូង វគ្គបណ្ដុះបណ្ដាលតម្រង់ទិសដំបូងរយៈពេល ១០៨ម៉ោង ដល់មន្ត្រី ដែលត្រូវបានជ្រើសរើសថ្មីនៅតាមក្រសួងស្ថាប័ន ដែលបានផ្ដល់ការបណ្ដុះបណ្ដាលរួចហើយ បានចំនួន ៧៨៨នាក់។

បច្ចុប្បន្នសាលាកំពុង បណ្ដុះបណ្ដាលសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១០ សរុបចំនួន ៦០នាក់និងវគ្គបណ្ដុះបណ្ដាលតម្រង់ទិសដំបូង ដល់មន្ត្រីក្របខណ្ឌថ្មី មកពីក្រសួងស្ថាប័នចំនួន ១០៦៧ នាក់ផងដែរ ។

ទន្ទឹមនឹងវគ្គបណ្ដុះបណ្ដាលដំបូង សាលាភូមិន្ទរដ្ឋបាល ក៏បានរៀបចំការបណ្ដុះបណ្ដាលបន្ត ដល់មន្ត្រីរាជការដែលអាចមានរយៈពេលសិក្សា ៩ខែ និងការបណ្ដុះបណ្ដាលដែលមានរយៈពេលខ្លីៗផងដែរ។

ចំពោះមុខសេចក្ដីត្រូវការកាន់តែខ្ពស់ នូវធនធានមនុស្សប្រកបដោយគុណភាព , ការរីកចំរើននៃបច្ចេកវិទ្យាបរិក្ខារនៃការប្រកួតប្រជែងក្នុងតំបន់ នឹងសេចក្ដី ត្រូវការនៃការកសាងរដ្ឋបាលទំនើបដ៏រឹងមាំ និងមានប្រសិទ្ធភាពដើម្បីផ្ដល់សេវាដល់ប្រជាពលរដ្ឋ កាន់តែប្រសើរ សាលាភូមិន្ទរដ្ឋបាល បានខិតខំដោយមិនសំចៃកម្លាំងកាយចិត្តក្នុងការអភិវឌ្ឍខ្លួនជាលំដាប់។ ក្នុងន័យនេះសាលាភូមិន្ទរដ្ឋបាលនឹងអភិវឌ្ឍន៍ខ្លួនឈរលើបាវចនា" វិន័យ គុណភាព គុណធម៌ នវានុវត្ត" ឱ្យនៅតែជាគ្រឹះស្ថានបណ្ដុះបណ្ដាលសាធារណៈ ឈានមុខ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានសមត្ថភាពកាន់តែខ្ពស់ ក្នុងសហគមន៍អាស៊ាន ព្រមទាំងសម្រេចឲ្យបាន នូវគោលដៅរបស់ខ្លួន ក្នុងការបណ្ដុះបណ្ដាលមន្ត្រី ឲ្យបានចំនួន ២ម៉ឺននាក់ក្នុងមួយឆ្នាំនៅឆ្នាំ ២០២៣៕


អត្ថបទ : សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation