ព័ត៌មានជាតិ

សូមពលរដ្ឋក្រុងព្រះសីហនុយោគយល់ចំពោះបញ្ហាមួយចំនួនដែលកើតឡើងកំលុងពេលដែលផ្លូវទាំង ៣៤ ខ្សែរត្រូវដំណើរការស្ថាបនា

image

ខេត្តព្រះសីហនុ ៖ ជុំវិញគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ធ្លាប់បានលើកឡើងថា ការទន្ទឹមរងចាំរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលចង់ឃើញទីក្រុង ទេសចរណ៏ដ៏ទំនើប ទីក្រុងដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ទីក្រុងដែលមានផ្លូវស្តង់ដារ មានផ្លូវថ្មើរជើង ផ្លូវជិះកង់ និងសួនបៃតងតាមផ្លូវ នឹងលេចចេញជារូបរាងនៅពេលដ៏ខ្លីខាងមុខនេះ ក្នុងទឹកដីខេត្តព្រះសីហនុ សំរាប់ជាកន្លែងសំរាកលំហែទាំងភ្ញៀវជាតិ និងអន្តរជាតិ ។

ដូច្នេះដើម្បីឲគម្រោងនេះបានជោគជ័យតាមផែនការគ្រោងទុក ទាមទារការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅ មូលដ្ឋានគឺជាបញ្ហាសំខាន់បំផុត ។ នៅពេលគម្រោងស្ថាបនាផ្លូវចាប់ផ្តើម ពិតណាស់នឹងកើតឡើងនូវបញ្ហាប្រឈមផ្សេងៗរួមមាន ៖ ការកកស្ទះចរាចរណ៏ ការជីកកាយដីប៉ះពាល់លូប្រព័ន្ឋលូ ប្រព័ន្ឋទឹក-ភ្លើងតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ អាស្រ័យនេះ សូមបងប្អូនមានការយោគយល់ដល់ក្រុមការងារ និងក្រុមហ៊ុនស្ថាបនា ។ ហើយជាការដោះស្រាយបញ្ហាប្រឈមនេះ រដ្ឋបាលខេត្ត នឹងរៀបចំក្រុមការងារចុះពិនិត្យសម្របសម្រួលភ្លាមៗជូនដល់បងប្អូន ។

កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឲ្យCNC ដឹងថា នៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចំនួន ៧ ដែលទទួលម៉ៅការ សាងសង់ផ្លូវទាំង៣៤ខ្សែក្នុងក្រុងបានចាប់ផ្តើមធ្វើឡើងជាបណ្ដើរៗ ក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ក្រុងព្រះសីហនុ ដោយក្នុងនាមជា អាជ្ញាធរសូមអំពាវឱ្យប្រជាពលរដ្ឋ បណ្តាអាជីវកម្ម និងគ្រប់មន្ទីរស្ថាប័ននានា ត្រូវចូលរួមសហការ និងយោគយល់។

លោក អ៊ី សុខឡេង បានឲ្យដឹងថា ក្នុងរង្វង់ខែវិច្ឆិកាឆ្នាំ ២០១៩ ខាងមុខនេះ រដ្ឋបាលខេត្តព្រះ សីហនុ ក៏ដូចជា ថ្នាក់ជាតិនឹង បើកការដ្ឋានជាផ្លូវការក្នុងការស្ថាបនាផ្លូវទូទាំងក្រុងឡើងវិញ ព្រមៗគ្នាដើម្បីធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីប្រជុំជនក្រុង បានល្អប្រសើរឡើងវិញ។

សូមជម្រាបថា គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សម្រេចលើកគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រុងក្នុងខេត្តព្រះសីហនុសរុបចំនួន ៣៤ ខ្សែ ប្រវែង ៨៤.៥០៥ម៉ែត្រ ចែកចេញជាបី ប្រភេទ៖
-ប្រភេទទី ១៖ មហាវិថី មានចំនួន ៣ ខ្សែ ប្រវែងសរុប២២.៧៣១ ម៉ែត្រ មានទទឹង៥០ ម៉ែត្រ ផ្លូវរថយន្ត ៦ គន្លង ផ្លូវទោចក្រយានយន្ត ២ គន្លង ។

-ប្រភេទទី ២ ៖ វិថី មានចំនួន ១៤ ខ្សែ ប្រវែងសរុប ៤៩ ៩៥៧ ម៉ែត្រ មានទទឹងពី ២០ ម៉ែត្រ ទៅ ៤០ ម៉ែត្រ ផ្លូវរថយន្ត ២ ទៅ ៤ គន្លង ផ្លូវទោចក្រយានយន្ត ២ គន្លង។

-ប្រភេទទី ៣ ៖ អនុវិថី មានចំនួន ១៧ ខ្សែ ប្រវែងសរុប ១១ ៨១៧ ម៉ែត្រ មានទទឹងពី ៨ ម៉ែត្រ ទៅ ៤០ ម៉ែត្រ ចែកជាផ្លូវរថយន្ត ២ គន្លង និងផ្លូវទោចក្រយានយន្ត ២ គន្លង។

ចំពោះផ្លូវនីមួយៗត្រូវមានស្តង់ដារនិងលក្ខណៈបច្ចេកទេសក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមាន សោភណភាព បរិស្ថានល្អ សម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកលេងកំសាន្ត ព្រោះថាខេត្តព្រះសីហនុគឺជាខេត្តទេសចរណ៍ដែលមានឆ្នេរខ្សាច់សល្អស្អាតមានឆ្នេរកោះ ទឹកសមុទ្រខៀវស្រងាត់ និងឱ្យ សាកសមទៅជាខេត្ត តារារះនាទិសនារតី របស់ព្រះរាជាណាចក្រកម្ពុជា៕