ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើសុំឱ្យអាជ្ញាធរតាមបណ្ដាខេត្ត ពង្រឹងសន្តិសុខ និងសុវត្ថិភាព ជូនមន្ត្រីបុគ្គលិកសុខាភិបាល និងអ្នកទទួលសេវា

image


ភ្នំពេញ៖ បន្ទាប់ពីបុគ្គលិកសុខាភិបាលម្នាក់នៅខេត្តមណ្ឌលគីរី ត្រូវបានខ្មាន់កំាំភ្លើងបាញ់សម្លាប់ពេលកំពុងបំពេញការងារនៅប៉ុស្តិ៍សុខភាព លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសុំឱ្យអាជ្ញាធរថ្នាក់ខេត្តបន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព ជូនដល់មន្ត្រី បុគ្គលិកសុខាភិបាល ដែលបំពេញការងារ ក៏ដូចជា អ្នកជំងឺ និងគ្រួសារដែលទទួលសេវា ឬស្នាក់នៅព្យាបាលតាមមូលដ្ឋានសុខាភិបាល។

នៅក្នុងលិខិតផ្ញើជូនអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោកសាស្ត្រាចារ្យ ឈាង រ៉ា បានឱ្យដឹងថា ក្រសួងសុខាភិបាល បាន និងកំពុងជំរុញការផ្ដល់សេវាសុខាភិបាល ២៤ម៉ោង ក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្ដាហ៍ នៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ ជាពិសេសការផ្ដល់សេវាសុខាភិបាលជាសារវ័ន្ត និងការថែទាំងសុខាភាពបឋម នៅមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែលជាគ្រឹះនៃការឈានឆ្ពោះទៅគ្របដណ្ដប់សុខភាពជាសកលនាពេលអនាគត ស្របនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។

ក្នុងលិខិតដដែលនេះ បានបន្តថា ដើម្បីអនុវត្តឱ្យបានកាន់តែមានប្រសិទ្ធភាព នូវគោលនយោ បាយ ភូមិឃុំ សង្កាត់មានសុវត្ថិភាព ក្រសួងសុខាភិបាលសូមឱ្យអភិបាលរាជធានី ខេត្ត មេត្តាបន្តណែនាំបន្ថែមទៀតដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសកងកម្លាំងសមត្ថកិច្ចតាមប៉ុស្តិ៍នគរបាលនៅគ្រប់ឃុំសង្កាត់ទូទាំងប្រទេស ឱ្យចល័តចុះឃ្លាំមើលជាប់ជាប្រចាំតាមគ្រប់មធ្យោយបាយជំនាញនៅកន្លែងសំខាន់ៗជុំវិញមូលដ្ឋានសុខាភិបាល ជាពិសេសមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពដែលស្ថិតនៅតំបន់ដាច់ស្រយាលទាំងអស់ ដើម្បីឱ្យមន្ត្រី បុគ្គលិកសុខាភិបាល អ្នកជំងឺនិងក្រុមគ្រួសារប្រជាពលរដ្ឋកាន់តែមានភាពកក់ក្ដៅ ទាំងនៅពេលថ្ងៃ និងនៅពេលយប់។

ទន្ទឹមនឹងនោះដែរ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានផ្ញើសាររំលែកទុក្ខជូនដល់ក្រុមគ្រួសារអ្នកគ្រូពេទ្យកែម កែវកន្និការ ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ ២០២៤ ក្នុងជន្មាយុ ៣៨ឆ្នាំ ដោយសារតែខ្មាន់កាំភ្លើងបាញ់ប្រហារ នៅក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី៕

អត្ថបទ៖ គង់ វណ្ណៈ