ព័ត៌មានអន្តរជាតិ

ផ្ទុះហេតុការណ៍ប្រទូសរ៉ាយក្នុងសភាប្រទេសហ្សុកហ្ស៊ី អំឡុងដំណើរការបោះឆ្នោតលើសំណើច្បាប់ ភ្នាក់ងារបរទេស

image


ហ្សុកហ្ស៊ី៖ ហេតុការណ៍ប្រទូសរ៉ាយគ្នាមួយ បានកើតឡើងនៅក្នុងសភារបស់ប្រទេសហ្សុកហ្ស៊ី អំឡុងដំណើរការបោះឆ្នោតអនុម័តច្បាប់ស្តីពី ”ភ្នាក់ងារបរទេស” ដែលជាសំណើច្បាប់ដ៏ចម្រូងចម្រាសរបស់លោកនាយករដ្ឋមន្រ្តី អ៊ីរ៉ាគ្លី កូបាហ៊ីដហ្សេ (Irakli Kobakhidze) ដោយមានពលរដ្ឋជាច្រើនបានចេញតវ៉ាប្រឆាំងនឹងច្បាប់ថ្មីនេះ និងបានចាត់ទុកច្បាប់នេះថាមានទម្រង់ដឹកនាំស្រដៀងគ្នានឹងប្រទេសរុស្ស៊ី។

ច្បាប់ថ្មីនេះ បានឆ្លងកាត់ការត្រួតពិតិត្យវាយតម្លៃលើកទីបី ដែលជាលើកចុងក្រោយរបស់សភាហ្សុកហ្ស៊ី នៅថ្ងៃអង្គារម្សិលមិញ ដោយទទួលបានសំឡេងគាំទ្រចំនួន ៨៤ ទល់នឹង ៦៦ និងនៅរង់ចាំតែការសម្រេចចិត្តជាបន្ទាប់ ដោយលោកស្រីប្រធានាធិបតី សាឡូមេ ហ្សូរ៉ាប៊ីចវីលី (Salome Zourabichvili) សម្រាប់ការបោះឆ្នោតសម្រេច ជាលើកចុងក្រោយនៅក្នុងសភា ខណៈលោកស្រី ហ្សូរ៉ាប៊ីចវីលី ធ្លាប់បានប្រកាសថានឹងធើ្វការវេតូជំទាស់ទៅលើសំណើច្បាប់មួយនេះ ដោយលោកស្រីបានហៅច្បាប់នេះថា គឺជាការចម្លងរបៀបដឹកនាំបែបផ្ដាច់ការពីប្រទេសរុស្ស៊ី ពីសំណាក់ក្រុមអ្នកនយោបាយបក្សកាន់អំណាច របស់លោកនាយករដ្ឋមន្រ្តី អ៊ីរ៉ាគ្លី កូបាហ៊ីដហ្សេ។

យ៉ាងណាមិញ សម្រាប់ប្រព័ន្ធដឹកនាំក្នុងប្រទេសហ្សុកហ្ស៊ី ដោយមានអំណាចភាគច្រើនស្ថិតក្នុងស្ថាប័នសភាដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច Dream party ហើយការវេតូជំទាស់របស់លោកស្រីប្រធានាធិបតីរូបនេះ ទំនងជាមិនមានប្រសិទ្ធិភាពដើម្បីរារាំងច្បាប់ថ្មីនេះ បាននៅឡើយ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Reuters Connect/ Reuters