អាហ្រ្វិកខាងត្បូង ព្យាយាមធ្វើកំណែទម្រង់ប្រព័ន្ធថែទាំសុខភាព ដើម្បីធានាដល់វិសមភាពសង្គម ខណៈអ្នករិះគន់មិនពេញចិត្ត
អាហ្រ្វិកខាងត្បូង៖ អាហ្រ្វិកខាងត្បូងកំពុងតែព្យាយាមសម្រាប់ការផ្លាស់ប្តូរបរិបទថែទាំសុខភាព ជាមួយនឹងកំណែទម្រង់ដែលមានគោលបំណងផ្តល់នូវការគ្របដណ្តប់ផ្នែកសុខភាពឱ្យបានទូលំទូលាយ ប៉ុន្តែក៏មានក្តីព្រួយបារម្ភមួយចំនួនពីសំណាក់បុគ្គលិកពេទ្យ អ្នកជំងឺ រួមទាំងក្រុមអាជីវករផ្សេងៗទៀត បានលើកឡើងថា តើប្រព័ន្ធថែទាំសុខភាពសាធារណៈដែលកំពុងជួបការលំបាកស្រាប់ អាចត្រៀមខ្លួនរួចរាល់ហើយឬនៅដើម្បីអនុវត្តផែនការដ៏មានមហិច្ឆតាបែបនេះ?
កំណែទម្រង់របស់ទីភ្នាក់ងាររ៉ាប់រងសុខភាពជាតិ ហៅកាត់ថា NHI ដែលនឹងផ្លាស់ប្តូរជាថ្មីចំពោះប្រព័ន្ធថែទាំសុខភាពសាធារណៈ និងឯកជន ទទួលបានការអនុម័តដោយសមាជិកសភាកាលពីចុងឆ្នាំ ២០២៣ ដោយរង់ចាំការចុះហត្ថលេខាពីប្រធានាធិបតី សាយរៀល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) ដើម្បីក្លាយជាច្បាប់ពេញលេញ ។
ភ្នាក់ងារ NHI មានគោលបំណងផ្តល់ការគ្របដណ្តប់ផ្នែកវេជ្ជសាស្ត្រជាសកល និងជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងវិសមភាពសង្គម ក្នុងការទទួលបានការថែទាំសុខភាពល្អប្រសើរ។ ប៉ុន្តែអ្នករិះគន់មួយចំនួន បានបង្កើនក្តីព្រួយបារម្ភ ដោយសង្ស័យអំពីលទ្ធភាពនៃការអនុវត្តកំណែទម្រង់នេះ និងខ្លាចថាវាអាចបង្កជាផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេស ។
វេជ្ជបណ្ឌិតអនវ៉ាប៊ី ទីទី (Onwabe Titi) ជាមន្ត្រីទទួលបន្ទុកចុះបញ្ជីឱសថសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យសាធារណៈ សេប៉ុង (Tshepong) បានលើកឡើងថា "ដើម្បីសម្រេចមហច្ឆតារបស់ NHI យើងត្រូវការបុគ្គលិកបន្ថែមជាច្រើន ដូចជា គ្រូពេទ្យ គិលានុបដ្ឋាយិកា អ្នកដឹកជញ្ជូន រួមទាំង សម្ភារៈប្រើប្រាស់ សម្ភារៈបរិក្ខារល្អជាងមុន ក៏ដូចជាអគារល្អជាងបច្ចុប្បន្ន ហើយយើងត្រូវការទីកន្លែងធំទូលាយបន្ថែមទៀត" ។
គួររំឮកថា ប្រព័ន្ធថែទាំសុខភាពសាធារណៈនៅអាហ្រ្វិកខាងត្បូង ដែលទទួលយកសេវាកម្មដោយប្រជាជនភាគច្រើន ហាក់មានកម្រិតគុណភាពខុសប្លែកគ្នាជាខ្លាំង បើធៀបនឹងវិស័យថែទាំសុខភាពឯកជនដែលទទួលយកសេវាកម្មព្យាបាលដោយអ្នកជំងឺដែលមានលទ្ធភាព ដោយមានផ្តល់ជូននូវអាហារ ថែមទាំងមានការយកចិត្តទុកដាក់ខ្ពស់ពីបុគ្គលិកពេទ្យ និងអ្នកជំងឺដូចគ្នាទៀតផង ។
អ្នកគាំទ្របានសរសើរចំពោះកំណែទម្រង់ច្បាប់របស់ភ្នាក់ងារ NHI ថាជាជំហានដ៏សំខាន់មួយក្នុងការឆ្ពោះទៅរកការដោះស្រាយវិសមភាពជាតិ ប៉ុន្តែការអនុវត្តជាក់ស្តែងនឹងក្លាយជាការសាកល្បងចំពោះសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការស្តារ និងពង្រឹងប្រព័ន្ធថែទាំសុខភាពសាធារណៈដែលកំពុងជួបការលំបាកតាំងពីយូរយារណាស់មកហើយ ។
អ្នកជំងឺម្នាក់នៅក្នុងមន្ទីរពេទ្យសេប៉ុង (Tshepong) បានរៀបរាប់ថា មន្ទីរពេទ្យគួរតែជួលគ្រូពេទ្យបន្ថែមទៀត ព្រោះបុគ្គលិកពេទ្យ មានតិចតួចខ្លាំងណាស់ ខណៈអ្នកជំងឺក៏ច្រើន យើងនៅរង់ចាំទទួលការថែទាំយូរណាស់មកហើយ ។
ដំណាលគ្នានេះ មនុស្សមួយចំនួនបានសម្តែងការប្រឆាំងយ៉ាងខ្លាំង ដោយលើកឡើងថា NHI អាចរារាំងចំពោះការវិនិយោគ និងធ្វើឱ្យមានភាពទន់ខ្សោយកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចរបស់អាហ្វ្រិកខាងត្បូង ។ ទោះជាបែបណាក៏ដោយ NHI នៅតែមានប្រជាប្រិយភាពក្នុងចំណោមអ្នកបោះឆ្នោតជាច្រើន នៅពេលដែលអាហ្រ្វិកខាងត្បូងខិតជិតដល់ការបោះឆ្នោតជាតិ នៅថ្ងៃទី ២៩ ខែឧសភា ដែលបង្ហាញពីសន្ទុះនយោបាយខ្ពស់ ទោះបីជាមានការមិនពេញចិត្តពីអ្នករិះគន់ក៏ដោយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព/ រូបភាព៖ Reuters Connect