បុរសម្នាក់ស្លាប់ក្រោយប្តូរតម្រងនោមជ្រូកបាន២ខែ តែវេជ្ជបណ្ឌិតចេញមុខអះអាងថា មិនពាក់ព័ន្ធនឹងរឿងនេះទេ

សហរដ្ឋអាម៉េរិក៖ បន្ទាប់ពីបុរសម្នាក់ឈ្មោះ រីក ស្លេយមែន (Rick Slayman) ជាអ្នកជំងឺដំបូងគេដែលព្រមទទួលយកការវះកាត់ផ្លាស់ប្តូរតម្រងនោមជ្រូក (ក្រលៀនជ្រូក) បានទទួលមរណភាពកាលពីពេលថ្មីៗនេះ ក្រោយការវះកាត់ផ្លាស់ប្តូរដោយជោគជ័យក្នុងរយៈពេល២ខែ កាលពីដើមសប្តាហ៍នេះ អ្នកឯកទេសខាងផ្នែកវេជ្ជសាស្រ្ដ បានប្រកាសថា មរណភាពរបស់បុរសខាងលើ មិនជាប់ទាក់ទងនឹងសរីរាង្គដែលបានផ្លាស់ប្តូរនោះទេ។ លោកវេជ្ជបណ្ឌិត លីអូណាដូ រ៉េឡា (Leonardo Riella) ប្រធានផ្នែកវេជ្ជសាស្ត្រទទួលបន្ទុកផ្នែកផ្លាស់ប្តូរតម្រងនោម នៅឯមន្ទីរពេទ្យ ម៉ាសាជូសេត (Massachusetts General Hospital) បានបញ្ជាក់ថា អំឡុងការធ្វើតេស្តរបស់ស្លេយមែន (Slayman) បានបង្ហាញថា “តម្រងនោម” ស្ថិតនៅក្នុងដំណើរការយ៉ាងល្អប្រសើរ។ លោកវេជ្ជបណ្ឌិត បានធានាថា ព័ត៌មានទាំងអស់ ដំណើរការដោយមិនមានកំហុសឆ្គងឡើយ ព្រោះតែទិន្នន័យ និងគំរូពីអ្នកជំងឺ គ្រូពេទ្យបានយកមកប្រមូលផ្តុំគ្នាយ៉ាងល្អិតល្អន់ជាទីបំផុត ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនជីវបច្ចេកវិទ្យា អ៊ីហ្សេណេស៊ីស (eGenesis) លោកវេជ្ជបណ្ឌិត ម៉ៃ ឃើទីស (Mike Curtis) ជាអ្នកនៅពីក្រោយការផ្លាស់ប្តូរសរីរាង្គ បានអះអាងអំពីប្រវត្តិថែទាំសុខភាពដ៏ស្មុគស្មាញរបស់លោកស្លេយមែន (Slayman) ដោយរួមមានទាំងហានិភ័យនៃសរសៃឈាមនៅក្នុងបេះដូង ជំងឺដែលរំខានដល់ការរំលាយអាហារ និងជំងឺទឹកនោមផ្អែមជាដើម។ ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ការស៊ើបអង្កេតដំបូងមិនបានបង្ហាញពីបញ្ហាណាមួយដែលមានជាប់ពាក់ព័ន្ធនឹងតម្រងនោមជ្រូកនោះទេ ដោយគេរាយការណ៍ថា នៅពេលលោកស្លេយមែន (Slayman) បានស្លាប់រួចហើយ តម្រងនោមជ្រូកនៅតែមានសភាពប្រក្រតី ។
យ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដនៃការស្លាប់របស់អ្នកជំងឺខាងលើនេះ នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ ស្របពេល សម្មតិកម្មបឋម បានចង្អុលទៅលើទំនាក់ទំនងនៃជំងឺរ៉ាំរ៉ៃរបស់លោក ពាក់ព័ន្ធជាមួយនឹងសសៃឈាមក្នុងបេះដូង ។
លោកវេជ្ជបណ្ឌិត ឃើទីស (Curtis) បានលើកឡើងបន្ថែមទៀតថា ការស៊ើបអង្កេតនឹងនៅតែបន្ត ទោះបីជាវាលំបាកបែបណាក៏ដោយ ក៏ដើម្បីតែជំរុញសមត្ថភាពផ្នែកវេជ្ជសាស្ត្រ ។
តាមរយៈសារៈសំខាន់ផ្នែកច្បាប់រវាងក្រុមហ៊ុនជីវបច្ចេកវិទ្យា អ៊ីហ្សេណេស៊ីស (eGenesis) និងមន្ទីរពេទ្យម៉ាសាជូសេត (Massachusetts General Hospital) ដែលអនុញ្ញាតឱ្យមានការត្រួតពិនិត្យចំពោះអ្នកជំងឺយ៉ាងច្បាស់លាស់ជាទីបំផុត ប្រធានផ្នែកវេជ្ជសាស្ត្រទទួលបន្ទុកការផ្លាស់ប្តូរតម្រងនោម បានគូសបញ្ជាក់ថា មុខងាររបស់ក្រលៀនជ្រូក មានសមត្ថភាពក្នុងការសម្អាតកាកសំណល់ គ្រប់គ្រងកម្រិតសារធាតុរ៉ែក្នុងឈាម និងជួយទ្រទ្រង់រាងកាយដោយមិនចាំបាច់ត្រូវការលាងឈាងរាល់សប្តាហ៍ឡើយ ប៉ុន្តែចំណុចទាំងអស់ខាងលើ នៅតែត្រូវការសម្រាប់ការសិក្សាទ្រង់ទ្រាយធំបន្ថែមទៀត ។
ទន្ទឹមនឹងនេះ វេជ្ជបណ្ឌិត រ៉េឡា (Riella) បានគូសបញ្ជាក់ដែរថា ការវះកាត់ក្រលៀនជ្រូកដល់លោកស្លេយមែន (Slayman) ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការផ្លាស់ប្តូរកោសិការស់ពីប្រភេទមួយទៅប្រភេទមួយទៀត ។ មនុស្សជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ ចង់ទទួលបានការវះកាត់កាត់ផ្លាស់ប្តូរស្រដៀងគ្នានេះនៅពេលអនាគត។ វេជ្ជបណ្ឌិត រ៉េឡា (Riella) បានលើកទឹកចិត្តដល់អ្នកជំងឺដែលកំពុងរង់ចាំការប្តូរសរីរាង្គ ដោយសង្កត់ធ្ងន់ចំពោះការរក្សាក្តីសង្ឃឹមឱ្យបានខ្ពស់ នៅពេលការស្រាវជ្រាវរីកចម្រើន និងដំណើរការប្រកបដោយភាពច្នៃប្រឌិត។
វេជ្ជបណ្ឌិត រ៉េឡា (Riella) បានបញ្ជាក់ដែរថា "ការចូលរួមយ៉ាងក្លាហានរបស់លោក ស្លេយមែន (Slayman) ក្នុងការវះកាត់ផ្លាស់ប្តូរតម្រងនោមជ្រូក (ក្រលៀនជ្រូក) បានបង្ហាញពីការបោះជំហានទៅមុខយ៉ាងសំខាន់នៅក្នុងផ្នែកនេះ ។ ទោះបីជាទទួលបានលទ្ធផលយ៉ាងណាក្តី ចំណេះដឹងដែលទទួលបានគឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ដោយជំរុញឱ្យយើងមានទំនុកចិត្តថា ការផ្លាស់ប្តូរសរីរាង្គជំនួសដោយក្រលៀនជ្រូក នឹងបន្តរីកចម្រើនទៅមុខ"។
គួររំឮកថា លោក ស្លេយមែន (Slayman) ដែលមានអាយុ ៦២ ឆ្នាំមកពីទីប្រជុំជនវ៉េម៉ៅ (Weymouth) រដ្ឋម៉ាសាជូសេត (Massachusetts) បានទទួលយកការវះកាត់ផ្លាស់ប្តូរសរីរាង្គជាប្រវត្តិសាស្ត្រនៅខែមីនា ដោយការវះកាត់មានរយៈពេល ៤ ម៉ោង ដែលមន្ទីរពេទ្យបានលើកទឹកចិត្តថា ជាជំហានដ៏សំខាន់មួយក្នុងការឆ្ពោះទៅរកការបង្កើនភាពងាយស្រួលខាងផ្នែកសរីរាង្គ ។
កាលពីខែតុលាឆ្នាំមុន នៅក្នុងការសិក្សាមួយចេញផ្សាយដោយទស្សនាវដ្តីណេតឈ័រ (Nature) បានសរសេរថា កំណែប្រែហ្សែនតម្រងនោមជ្រូក ដែលបង្កាត់ដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា អ៊ីហ្សេណេស៊ីស (eGenesis) បានផ្លាស់ប្តូរទៅលើសត្វស្វា ជាមួយនឹងលទ្ធផលជោគជ័យ។ ការរកឃើញទាំងនេះ បានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសាកល្បងលើមនុស្ស ។
យោងតាមអង្គការយូណាយធីត ណេតវើក ហ្វរ អរហ្គេន ស៊ែរីង (United Network for Organ Sharing) បានបញ្ជាក់ថា មនុស្សជាង ១០ម៉ឺននាក់នៅសហរដ្ឋអាម៉េរិក កំពុងរង់ចាំការផ្លាស់ប្តូរសរីរាង្គ ដោយតម្រងនោម ស្ថិតនៅក្នុងចំណោមតម្រូវការខ្ពស់បំផុត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters Connect/ ABC News/ CNN




