ព័ត៌មានជាតិ

សិក្ខាកាមមកពីគ្រួសារក្រីក្រ ជិត២០០នាក់ ធ្វើតេស្តបញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ចាប់យកឱកាសការងារប្រកបមុខរបរចិញ្ចឹមជីវិត

image

អត្ថបទ៖ ជា ស្រស់
សៀមរាប៖ សិក្ខាកាមមកពីគ្រួសារក្រីក្រ ជិត២០០នាក់ បានធ្វើតេស្ដបញ្ចប់វគ្គសិក្សាកម្រិតសញ្ញាបត្របច្ចេកទេសវិជ្ជាជីវរៈរបស់ខ្លួន ក្រោយបានបណ្ដុះបណ្ដាលរយៈពេល៤ខែ ដែលការធ្វើតេស្ដបញ្ចប់វគ្គសិក្សានេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប។

លោក ចាន់ វិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា សិក្ខាកាមដែលបានធ្វើតេស្ដបញ្ចប់កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈនេះ មានចំនួន១៨៤នាក់ ដែលក្នុងនោះមានបីមុខជំនាញ រួមមាន ការតណ្ដាញអគ្គិសនីមានចំនួន៦៤នាក់ បរិក្ខាម៉ាស៊ីនត្រជាក់ចំនួន៥៩នាក់ និងការថែទាំនិងជួសជុលរថយន្ដមានចំនួន៦១នាក់ ដែលពួកគាត់បានសិក្សាពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ហើយត្រូវបានបញ្ចប់ក្នុងរយៈពេល៤ខែ ទាំងទ្រឹស្ដី ការអនុវត្ដ និងចុះកម្មសិក្សា។

លោកបាបន្ដថា ការបណ្ដុះបណ្ដាលនេះទៅតាមគោលនយោបាយរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី គឺបានគោរពទៅលើអភិក្រមចំនួន៣ រួមមាន រៀនឲ្យចេះ រៀនឲ្យចប់ រៀនឲ្យមានការងារធ្វើ ដែលមកដល់ថ្ងៃប្រលងបញ្ចប់នេះ គឺសិក្ខាកាម បានអនុវត្ដតស៊ូរៀនសូត្របានពីរហើយ គឺរៀនបានចប់ រៀនបានចេះ នឹងបន្ដឲ្យមានការងារធ្វើក្រោយពីរប្រលងបញ្ចប់វគ្គនាពេលនេះ។

បើតាមលោក ចាន់ វិចិត្រ បានសម្ដែងនូវការសប្បាយចិត្ដនៅពេលឃើញសិក្សាក្ខាកាមនៃវិទ្យាស្ថានពហុបច្ចេកទេសបានតស៊ូរៀនសូត្ររហូតបានធ្វើតេស្ដបញ្ចប់វគ្គសិក្សារបស់ខ្លួនដោយជោគជ័យ។

លោកថា វិទ្យាស្ថាននេះ នឹងបន្ដជ្រើសរើសយុវជនមកពីគ្រសារក្រីក្រ និងងាយរងហានិភ័យ ឲ្យចូលសិក្សាជាបន្ដបន្ទាប់ ដើម្បីឲ្យពួកគាត់មានជំនាញវិជ្ជាជីវៈមួយពិតប្រាកដក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត។

ជាមួយគ្នានេះ លោកក៏បានអំពាវនាដល់យុវជនឲ្យចុះចូលរៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរឲ្យបានច្រើន ដើម្បីងាយស្រួលចាប់យកឱកាសការងារទៅថ្ងៃអនាគត៕