ព័ត៌មានអន្តរជាតិ

អូស្ត្រាលី គ្រោងចំណាយថវិការាប់ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុករស់នៅរបស់ពលរដ្ឋ

image


អូស្ត្រាលី៖ នៅថ្ងៃអង្គារសប្តាហ៍នេះ មន្ត្រីរតនាគារជាតិ បានអះអាងថា រដ្ឋាភិបាលអូស្ត្រាលី គ្រោងនឹងចំណាយថវិការាប់ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការចំណាយថវិកាលើតម្លៃថាមពល និងថ្លៃជួល រួមទាំងកាត់បន្ថយអតិផរណា និងផ្តល់ភាពធូរស្រាលសម្រាប់ម្ចាស់ឆ្នោត ដែលត្អូញត្អែរអំពីសម្ពាធនៃការរស់នៅ មុនពេលបោះឆ្នោតនៅឆ្នាំក្រោយ ។


នៅក្នុងថវិកាប្រចាំឆ្នាំលើកទី ៣ ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ ២០២២ មន្ត្រីរតនាគារជាតិអូស្ត្រាលី លោក ជីម ឆាលមើល (Jim Chalmers) បានសន្យាបង្កើនទឹកប្រាក់បន្ថែមទៀតសម្រាប់ថាមពលកកើតឡើងវិញ និងសារធាតុរ៉ែសំខាន់ៗ ក៏ដូចជាសម្រាប់វិស័យការពារជាតិ រួមជាមួយនឹងគម្រោងដូចបានគ្រោងទុកជាយូរណាស់មកហើយ ក្នុងការកាត់បន្ថយពន្ធលើប្រាក់ចំណូលសម្រាប់អ្នកជាប់ពន្ធនីមួយៗ ដែលទទួលបានជាមធ្យមក្នុងតម្លៃ ១,៨៨៨ ដុល្លារអូស្ត្រាលី (១,២៤៧.៩៧ ដុល្លារអាម៉េរិក) ក្នុងមួយឆ្នាំ ។

សំណើសុំជំនួយលើតម្លៃថាមពលចំនួន ៣.៥ ពាន់លានដុល្លារអូស្ត្រាលី (២.៥១ ពាន់លានដុល្លារអាម៉េរិក) ស្មើនឹងការបង្វិលសងប្រចាំឆ្នាំសម្រាប់គ្រប់ក្រុមគ្រួសារនីមួយៗ ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៣០០ ដុល្លារអូស្ត្រាលី (១៩៨.៣០ ដុល្លារអាម៉េរិក) ត្រូវគេប៉ាន់ប្រមាណថានឹងកាត់បន្ថយអតិផរណាប្រហែលពាក់កណ្តាល សម្រាប់អត្រាប្រចាំឆ្នាំដែលនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២៥ ។


ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ រដ្ឋាភិបាលអូស្ត្រាលី ក៏នឹងចំណាយប្រាក់បន្ថែមទៀតចំនួន ៥.៧ ពាន់លានដុល្លារអូស្ត្រាលី (៣.៧៧ ពាន់លានដុល្លារអាម៉េរិក) លើវិស័យការពារជាតិ ដែលជាការកើនឡើងដ៏ធំបំផុតមួយ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ខណៈអូស្ត្រាលី បានធ្វើឱ្យប្រសើរឡើងនូវប្រភេទកាំជ្រួចមីស៊ីល យន្តហោះគ្មានមនុស្សបើក និងនាវាចម្បាំង ដើម្បីទប់ទល់នឹងកំណើនឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់ ។


ការចំណាយទាំងអស់នោះ មានន័យថា ថវិកាអាចនឹងវិលត្រលប់ទៅរកឱនភាពវិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ បន្ទាប់ពីមានការផ្គត់ផ្គង់យ៉ាងលើសលប់នៅលើទីផ្សារ និងតម្លៃទំនិញខ្ពស់ ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Programming Insider/ ABC News/ SBS News