អាជ្ញាធរខេត្តមណ្ឌលគិរី ណែនាំមន្ត្រី ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការដោះស្រាយ និងសម្របសម្រួល និងរក្សាសុខសុវត្ថិភាព រីកចម្រើនជាលំដាប់ ក្នុងយុគសម័យឌីជីថល

មណ្ឌលគិរី៖ អភិបាលរងខេត្ដមណ្ឌលគិរី បានធ្វើការណែនាំដល់មន្ត្រី ដែលជាអ្នកដឹកនាំ និងជាអ្នកអនុវត្តតួនាទី ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការដោះស្រាយ និងសម្របសម្រួល និងជាអ្នកធ្វើឱ្យមូលដ្ឋានមានសុខសុវត្ថិភាព រីកចម្រើនជាលំដាប់ ដោយពឹងផ្អែកលើការគ្រប់គ្រង ភាពច្បាស់លាស់ទាន់ចិត្ត និងប្រសិទ្ធភាពឈានទៅរកបរិបទឌីជីថល ដែលរាជរដ្ឋាភិបាលកំពុងរៀបចំដាក់ចេញ អនុវត្តរាជរដ្ឋាភិបាលឌីជីថល។
ថ្លែងបែបនេះរបស់លោក ស៊ន សារុន អភិបាលរងខេត្ដមណ្ឌលគិរី ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
អភិបាលរងខេត្ដមណ្ឌលគិរី បានលើកឡើងថា វគ្គសិក្ខាសាលានេះ ជាប្រទីប សម្រាប់បង្ហាញផ្លូវឆ្លុះបញ្ចាំង ពង្រឹងសមត្ថភាពការងាររបស់លោក លោកស្រី ឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលក្រុង/ស្រុក និងរដ្ឋបាលឃុំ/សង្កាត់ក្នុងខេត្តមណ្ឌលគិរី។
ក្នុងឱកាសនេះដែរ លោក ផុន លីវីរៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេច មហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ និងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
លោក បន្ថែមថា ដើម្បីធានាឲ្យមានប្រសិទ្ធភាពក្នុងការអនុវត្តការងារ យើងចាំបាច់ត្រូវមានការចូលរួមនិងប្តេជ្ញាចិត្ត ស្វែងយល់នៅគោលការណ៍សំខាន់ៗ រួមមាន អំពីផលប្រយោជន៍នៃច្បាប់ថ្មី ដែលជាផែនទីសម្រាប់បង្ហាញផ្លូវឱ្យកាន់តែប្រសើរឡើង ងាយស្រួល រហ័ស ជាក់លាក់ និងច្បាស់លាស់, ច្បាប់ថ្មីជួយឱ្យសម្រេចគោលដៅប្រព័ន្ធរួមនៃអត្តសញ្ញាណប្រជាជន (ប្រជាជនម្នាក់អត្តសញ្ញាណ តែមួយ), ងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ត្រឹមត្រូវ រហ័ស គ្រប់គ្រងទិន្នន័យបានត្រឹមត្រូវល្អ, រៀបចំផែនការសកម្មភាព និងការគាំទ្រច្បាស់លាស់ក្នុងការរៀបចំផ្សព្វផ្សាយបន្តឱ្យដល់អ្នកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងអនុវត្តតាមស្ថានភាពឱ្យមានប្រសិទ្ធភាព, ជំរុញផ្សព្វផ្សាយការងារអត្តសញ្ញាណកម្មឱ្យដល់គ្រប់ប្រជាពលរដ្ឋ ដើម្បីឱ្យការចុះបញ្ជីអត្រានុកូលដ្ឋាន ទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាព តាមផែនការយុទ្ធសាស្ត្រឆ្នាំ២០២៦ និង ពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងក្រុមការងារ ដោយមានមានការទំនាក់ទំនងល្អទៅវិញទៅមកដើម្បីផ្តល់ និងចែករំលែកបទពិសោធន៍៕
អត្ថបទ៖ ប៊ុត សុភ័ក្រ




