ព័ត៌មានជាតិ

យុវជនកម្ពុជា ដណ្ដើមបានមេដាយពីការប្រកួត រ៉ូបូត លំដាប់អន្តរជាតិនៅទីក្រុងឌូបៃ

image

ឌូបៃ៖ ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសពីការអបអរសាទរទៅដល់ក្រុមយុវជនកម្ពុជា ដែលដណ្ដើមបានមេដាយ International Enthusiasm Award ក្នុងកម្មវិធី Robotics Olympiad លំដាប់ពិភពលោកជាលើកដំបូង នៅទីក្រុង ឌូបៃ។

តាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជននិងកីឡា គឺ សិស្សានុសិស្សសាលា E2STEM ៥នាក់ មកពីបណ្ដារាជធានី / ខេត្តនានា ព្រមទាំងគ្រូ២នាក់ តំណាងឱ្យប្រទេសកម្ពុជា បានចូលរួមប្រកួត ប្រជែងកម្មវិធី Robotics Olympiad លំដាប់ពិភពលោកជាលើកដំបូង នៅទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៧ ខែតុលា ឆ្នាំ២០១៩ ដោយការប្រកួតនេះ ក្នុងផ្ដោតទៅលើការប្រើប្រាស់ រ៉ូបូត ដើម្បីសម្អាតកាកសំណល់នានាក្នុងនៅមហាសមុទ្រ។

ក្នុងកម្មវិធីប្រកួតនេះ យុវជនកម្ពុជាស្ថិតក្នុងចំណោម Top ៣ នៃប្រទេសនៅអាស៊ាន និងស្ថិតក្នុង លំដាប់ទី៣៧ ក្នុងចំណោម ១៨៩ប្រទេសទូទាំងពិភពលោក ដោយក្នុងនោះយុវជនកម្ពុជា ទទួលបានមេដាយប្រាក់ International Enthusiasm Award ដោយជ័យជម្នះនេះ បានដោយសារ ការប្រកួតដោយប្រើប្រាស់ស្មារតីជាក្រុម ,ឥរិយាបថជាវិជ្ជមាន និងការទទួលស្គាល់ជាសាកល៕