ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ នឹងផ្តល់ការងារជាង២ម៉ឺនកន្លែងដល់យុវជន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩ នឹងត្រូវបានរៀបចំឡើងនៅថ្ងៃសៅរ៍-អាទិត្យ ចុងសប្តាហ៍នេះ នៅអគារពិព័រណ៍កោះពេជ្រ ជាទីកន្លែងជួបជុំគ្នាដោយងាយស្រួលសម្រាប់ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតក្នុងការទទួលបានឱកាស ការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។

តាមរយៈសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩ ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី២៨ ខែតុលានេះ ដោយមានឯកឧត្តម ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និង ការងារ, លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងលោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩ នឹងរៀបចំនាថ្ងៃទី២-៣ វិច្ឆិកាខាងមុខដែលនឹងមាន ឱកាសការងារសរុបជាង២ម៉ឺននឹងត្រូវបានផ្តល់ដោយក្រុមហ៊ុន សហគ្រាសធំៗជាង១៥០ មកពីវិស័យ សំខាន់ៗដូចជា៖ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, សំណង់, សណ្ឋាគារនិង បដិសណ្ឋារកិច្ច, ទូរគមនាគមន៍,ការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ, កម្មន្តសាល និងភ្នាក់ងារជ្រើសរើស ឯកជននៅក្នុងបញ្ជរសរុបចំនួន ៣០០។

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ គឺជាការជំរុញយន្តការវេទិកាការងាររបស់ រាជរដ្ឋាភិបាល កម្ពុជា ដូចបានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីលើកកម្ពស់វិស័យការងារ និង ព័ត៌មានទីផ្សារការងារនៅកម្ពុជា ជាពិសេសសំដៅផ្តល់ឱកាសទូលំទូលាយដល់កម្លាំងពលកម្ម ទាំងមាន ជំនាញនិងមិនមានជំនាញឲ្យទទួលបានការងារកាន់តែប្រសើរចំណេញពេលវេលាកាត់បន្ថយ ចំណាយ និងទទួលបានប្រាក់ចំណូលខ្ពស់។  លើសពីនេះ ក៏រួមចំណែកកាត់បន្ថយគម្លាតរវាងការផ្គត់ផ្គង់ និង តម្រូវការជំនាញនៅក្នុងទីផ្សារការងារព្រមទាំងបង្កភាពងាយស្រួលដល់យុវជនដែលត្រូវឈានចូលទីផ្សារការងារក្នុងការទទួលបាការងារបន្ទាប់ពីបញ្ចប់ការសិក្សានៅកម្រិតឧត្តមសិក្សា ឬជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ 

គួរបញ្ជាក់ថា ពិព័រណ៍នេះ ត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ហើយកុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មកជាមួយ ដើម្បីដាក់ពាក្យស្នើសុំការងារដោយផ្ទាល់ជាមួយនិយោជក ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម៕អត្ថបទ ៖អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation