ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ក្រាបបង្គំថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ

image

ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ២៩ តុលា ឆ្នាំ២០០៤ - ២៩ ខែតុលា ឆ្នាំ២០១៩។

សារលិខិតថ្វាយព្រះពរ ដែលអ្នកឧកញ៉ា គិត ម៉េង ក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានខ្លឹមសារដើមទាំងស្រុង យ៉ាងដូច្នេះថា៖

« បពិត្រ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងឱកាសដ៏មហាមង្គលនៃព្រះរាជពិធីបុណ្យខួបលើកទី ១៥នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងសមាជិក-សមាជិកា និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា សូមព្រះបរមរាជានុញ្ញាត តាងនាមសមាជិក-សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា សូមលើកហត្ថប្រណមថ្វាយបង្គំសំដែង នូវអំណរសាទរ ប្រកបដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែងថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូង។

ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកត្តញ្ញកតវេទីយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រជាទីបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដែលជានិច្ចកាលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ ខ្ពស់បំពេញព្រះរាជបេសកកម្មដ៏ឧត្តុងឧត្តម ព្រមទាំងលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ មិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្រ្តជាទីស្រឡាញ់របស់ព្រះអង្គ ។ ប្រជារាស្រ្ត
ខ្មែរគ្រប់ស្រទាប់ចងចាំមិនភ្លេចនូវគុណូបការៈដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន និងព្រះមហាករុណាទិគុណ ប្រកបដោយទសពិធរាជធម៌ដ៏ប្រពៃនៃ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដែលក្នុងព្រះបរម រាជ្យសម្បត្តិរបស់ព្រះអង្គបាននាំមកនូវ សន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ និងភាពសុខដុមរមនា ជូនប្រជារាស្ត្រខ្មែរទូទាំងប្រទេស។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំ ជាខ្ញុំ និងភរិយា ព្រមទាំងសមាជិក
-សមាជិកា និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ សូមជួយ ប្រោះព្រំសព្ទសាធុកាពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូង ព្រមទាំងព្រះញាតិវង្សានុវង្ស សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ប្រជុំសម្រាប់ប្រជារាស្ត្រខ្មែរ ជានិច្ចនិរន្តរ៍។

សូម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុតពីទូលបង្គំយើងខ្ញុំ។ សេចក្តីគួរពុំគួរ សូមទ្រង់ ព្រះមេត្តាប្រោស៕