ព័ត៌មានអន្តរជាតិ

សភាអង់គ្លេសបដិសេធ សំណើនាយករដ្ឋមន្ត្រី ដែលសុំរៀបចំការបោះឆ្នោតសកល មុនកាលកំណត់

image

សមាជិកសភាអង់គ្លេស បានច្រានចោលការអំពាវនាវ របស់លោកនាយករដ្ឋមន្ត្រី Boris Johnson ដើម្បីរៀបចំការបោះឆ្នោតនាថ្ងៃទី១២ខែធ្នូ ក្នុងគោលបំណងដើម្បីបំបែកភាពជាប់គាំង ផ្នែកនយោបាយជុំវិញBrexit ។

គណបក្សប្រឆាំង និយាយថា ពួកគេចង់បានការបោះឆ្នោតមួយ ប៉ុន្តែមិនមែនតាមល័ក្ខខ័ណ្ឌ របស់លោកនាយករដ្ឋមន្រ្តីទេ ដោយគណបក្សប្រជាធិបតេយ្យសេរី និងគណបក្សជាតិស្កុតឡេន គ្រោងនឹងធានាការបោះឆ្នោត នាថ្ងៃទី ៩ ខែធ្នូដោយប្រើនីតិវិធីផ្សេង។

ជម្លោះនេះ កើតឡើងបន្ទាប់ពីការសម្រេចចិត្ត របស់សហភាពអឺរ៉ុប ក្នុងការផ្តល់ឱ្យប្រទេសអង់គ្លេសពន្យាពេល៣ខែចំពោះការចាកចេញពីអ៊ឺរ៉ុប ដែលកាលបរិច្ឆេទ នឹងផុតនាថ្ងៃទី៣១ខែតុលាខាងមុខនេះ។

ប្រតិកម្មនឹងការបោះឆ្នោត លោក ចនសុន បាននិយាយថា លោកនឹងព្យាយាមម្តងទៀត ដើម្បីធានាការបោះឆ្នោត នៅខែធ្នូ ដើម្បីបង្ហាញច្បាប់ថ្មីៗ នៅក្នុងសភា។ លោក ចន សុន និយាយថា ប្រទេសអង់គ្លេស បានរៀបចំការបោះឆ្នោត ដើម្បីបំបែកភាពជាប់គាំង ដែលបានរារាំងការចាកចេញពីសហភាពអឺរ៉ុប៕