ការរញ្ជួយដីដ៏ខ្លាំងវាយប្រហារភាគខាងត្បូងហ្វីលីពីនដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២នាក់
| ព័ត៌មានអន្តរជាតិ
SHARE



ការរញ្ជួយដីដ៏ខ្លាំងបានធ្វើឲ្យកក្រើកតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីននៅថ្ងៃអង្គារនេះហើយបានផ្ដាច់យកជីវិតមនុស្សយ៉ាងហោចណាស់២នាក់និងធ្វើឲ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួសព្រមទាំងធ្វើឲ្យមនុស្សម្នានាំគ្នារត់ចេញពីលំនៅដ្ឋាននិងអគារនានាទាំងភ័យរន្ធត់។

វិទ្យាស្ថានសិក្សាបាតុភូតភ្នំភ្លើងនិងរញ្ជួយដីរបស់ហ្វីលីពីនបានប្រកាសថាការរញ្ជួយដីកម្រិត៦,៦រ៉ិចទ័រនេះបានកើតឡើងនៅក្នុងដីជម្រៅប្រហែល៧គីឡូម៉ែត្រហើយចំណុចកណ្ដាលនៃការរញ្ជួយកើតឡើងនៅចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីក្រុងធូលូណាន (Tulunan) ស្ថិតនៅឦសានប្រទេសហ្វីលីពីន។

ក្រុមអ្នកជំនាញផ្នែករញ្ជួយដីបាននិយាយថាមិនមានការគំរាមកំហែងនៃរលកយក្សស៊ូណាមិទេបន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងនេះ។

យោងតាមវិទ្យាស្ថានសិក្សាបាតុភូតភ្នំភ្លើងនិងរញ្ជួយដីរបស់ហ្វីលីពីន ការរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោងប្រហែល៩ព្រឹកម៉ោងនៅប្រទេសហ្វីលីពីនដោយធ្វើឲ្យអគារជាច្រើនញ័ររញ្ជួយនិងបង្ខំឲ្យមនុស្សម្នារត់ចេញពីអគារការិយាល័យ, សាលារៀន និងមន្ទីរពេទ្យក្នុងតំបន់ដែលរងផលប៉ះពាល់។

គ្រោះរញ្ជួយដីនេះបានកើតឡើងក្រោយពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានកើតឡើងក្នុងតំបន់ដដែលនេះកាលពីសប្ដាហ៍មុនដោយបានសម្លាប់មនុស្ស៧នាក់។ គួរកត់សម្គាល់ថាប្រទេសហ្វីលីពីនស្ថិតនៅលើទីតាំងដែលគេឲ្យឈ្មោះថា “ខ្សែវ័ណ្ដអគ្គិ” នៃមហាសមុទ្រប៉ាស៊ីហ្វិកជាកន្លែងដែលងាយទទួលរងគ្រោះបំផុតពីការរញ្ជួយដីនិងផ្ទុះភ្នំភ្លើង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation