ជំនួបកំពូលលើកទី៣៥នៃមេដឹកនាំអាស៊ាននឹងធ្វើឡើងទីក្រុងបាងកក ពីថ្ងៃទី ០២ ដល់ ០៥ វិច្ឆិកា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសថា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» នៅទីក្រុងបាងកក ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា តាមការអញ្ជើញរបស់ ឯកឧត្តម ប្រាយុទ្ឋ ច័ន្ទអូចា(Prayut Chan–o-cha) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោម មូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» នៅទីក្រុងបាងកក ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ដូចខាងក្រោម៖
- កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥
- កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២
- កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦
- កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១០
- កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២
- កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧
- កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៤
- កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២ និង
- កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី៣។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃ សភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ស្របពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ និងកម្មវិធីមួយចំនួនផ្សេងទៀត ដូចខាងក្រោម ៖
- ជំនួបរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានបូកបី និងក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ីបូព៌ា
- អាហារថ្ងៃត្រង់ពិសេស ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និង
- កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១១ (អាហារការងារពេលល្ងាច)។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងបាងកក សម្តេចតេជោនាយករដ្ឋមន្រ្តី គ្រោងនឹងមានជំនួប ទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និងឥស្សរជនមកពីប្រទេសជាសមាជិកអាស៊ាន និងប្រទេស ដៃគូសន្ទនាអាស៊ាន ផងដែរ។ សម្តេចតេជោ នឹងអញ្ជើញចូលរួមកម្មវិធីអាហារការងារ ពេលព្រឹក ជាមួយឯកឧត្តម ង្វៀន សួនហ៊ុក នាយករដ្ឋមន្រ្តី វៀតណាម និងឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ។

ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ឯកឧត្តមឧប នាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២០ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួល អាស៊ាន លើកទី២៤ និងពិធីចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាភាគីនៃ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសអាល្លឺម៉ង់ និងប្រទេសបារ៉ែន ដែលនឹងប្រព្រឹត្តទៅនៅមុនកិច្ចប្រជុំកំពូល អាស៊ាន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation