សម្តេចតេជោ ជាថ្មីម្តងទៀត អំពាវនាវ ឱ្យកងទ័ពកម្ពុជា-វៀតណាម បន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងជំរុញបង្កលក្ខណៈ ឲ្យប្រជាជនប្រទេសទាំងពីរ អាចប្រកបអាជីវកម្មតាមព្រំដែនបាន ដោយងាយស្រួល
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ នារសៀលថ្ងៃទី៣០ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង (Phan Van Giang) អនុរដ្ឋមន្ត្រី និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម ជួបសំដែងការគួរសម នៅវិមានសន្តិភាព។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តម ផាន់ បានពាំនាំពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីនាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្ដេចតេជោ ហើយក៏បានគោរពរាយការណ៍ជូន សម្ដេចតេជោថា ឯកឧត្តមនឹងជួបពិភាក្សាការងារ ជាមួយឯកឧត្តម វង្ស ពិសេន នៅថ្ងៃស្អែកនេះ ហើយក៏បានគោរពរាយការណ៍ជូន សម្ដេចតេជោ បន្តថា កិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ និងក្រសួងការពារជាតិទាំងពីរ គឺបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ជាពិសេស លើការរៀបចំសមយុទ្ធសង្គ្រោះ ពេលមានគ្រោះមហន្តរាយ ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខ។ ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ តាមព្រំដែននិងការស្វែងរកអដ្ឋិធាតុ រួមជាមួយនឹងការហ្វឹកហាត់បណ្ដុះបណ្ដាលនាយទាហាន ក៏ប្រព្រឹត្តទៅយ៉ាងល្អប្រសើរផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខផង ហើយក៏បានសម្ដែងនូវអំណរគុណ ចំពោះរបាយការណ៍ ដែលបានលើកឡើង។ ជាមួយនេះ សម្ដេចក៏បានសំដែង នូវការរីករាយផងដែរជាមួយនឹងទំនាក់ទំនង រវាងកងទ័ពទាំងពីរកន្លងមក ដែលទំនាក់ទំនងទាំងនោះ បាននាំមកនូវផលប្រយោជន៍ជូនដល់ប្រជាជន ជាពិសេសប្រជាជន ដែលកំពុងតែរស់នៅតាមព្រំដែន។ 

ចំពោះការរៀបចំសមយុទ្ធ សង្គ្រោះពេលមានគ្រោះមហន្តរាយ សម្ដេចតេជោ បានមានប្រសាសន៍ថានេះជាការអនុវត្តមួយ ដែលផ្ដល់នូវផលប្រយោជន៍ដល់ប្រជាជនទាំងពីរ នៅពេលដែលមានគ្រោះមហន្តរាយជាពិសេស នៅពេលដែលមានភ្លើងឆេះព្រៃ និងមានទឹកជំនន់ជាដើម។ សម្ដេចបន្តថា ភ្លើងឆេះព្រៃ វាមិនស្គាល់ព្រំដែនទេ ដូច្នេះការអនុវត្តសមយុទ្ធនេះ ត្រូវតម្រូវឱ្យកងទ័ពកម្ពុជា ចូលទៅក្នុងទឹកដីវៀតណាម ហើយកងទ័ពវៀតណាម ចូលនៅក្នុងទឹកដីកម្ពុជា។ 

ដើម្បីជៀសវាងដល់ការយល់ច្រឡំ និងអោយមានការយល់ដឹងទូលំទូលាយផង សម្តេចតេជោបានផ្តល់អនុសាសន៍ថា ឱ្យមានសកម្មភាពមនុស្សធម៌ជាមួយក្នុងសមយុទ្ធនេះ នោះគឺភាគីកម្ពុជា អាចចូលទៅព្យាបាលប្រជាជនវៀតណាម ហើយប្រជាជនវៀតណាមចូលមកព្យាបាលប្រជាជនកម្ពុជា ដើម្បីត្រៀមនៅពេលមានគ្រោះមហន្តរាយ ហើយក៏អាចជំរុញឱ្យមាន កម្មវិធីដូចជាកីឡា សិល្បៈរួមគ្នាផងដែរ ។ សំខាន់ជាងនេះទៀតធ្វើយ៉ាងណា បន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងជំរុញបង្កលក្ខណៈ ធ្វើយ៉ាងណាឱ្យប្រជាជនប្រទេសទាំងពីរ អាចប្រកបអាជីវកម្មតាមព្រំដែនបាន ដោយងាយស្រួល៕អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation