ការរញ្ជួយដីដ៏ខ្លាំងលើកទី៣ក្នុងខែនេះវាយប្រហារតំបន់ភាគខាងត្បូងហ្វីលីពីន
| ព័ត៌មានអន្តរជាតិ
SHARE

ហ្វីលីពីន៖ការរញ្ជួយដីដ៏ខ្លាំងជាលើកទី៣ក្នុងខែតុលានេះបានធ្វើឲ្យកក្រើកតំបន់ភាគខាងត្បូងប្រទេស ហ្វីលីពីននៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍នេះដោយបានបង្កការខូចខាតថែមទៀតទៅដល់រចនាសម្ព័ន្ធនានាដែលបាក់បែកស្រាប់ទៅហើយដោយសារការរញ្ជួយដីដែលទើបកើតឡើងនាពេលថ្មីៗកន្លងទៅ។

វីដេអូដែលថតដោយទូរស័ព្ទដៃបានបង្ហាញរូបភាពរបស់ប្រជាពលរដ្ឋដែលកំពុងសំដៅទៅថ្នល់ក្នុងទីក្រុងដាវ៉ាវ (Davao) បន្ទាប់ពីមានការរញ្ជួយដីកម្រិត៦,៥រ៉ិចទ័រនាព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ទីភ្នាក់ងារអង្កេតភូមិសាស្ត្ររបស់អាមេរិកបានប្រកាសថាការរញ្ជួយដីនោះកើតឡើងនៅក្រោមដីជម្រៅ១០គីឡូម៉ែត្រក្បែរក្រុងគីសានតេ (Kisante) ។

សូមរម្លឹកថាកាលពីថ្ងៃអង្គារការរញ្ជួយដីកម្រិត៦,៦រ៉ិចទ័របានបង្កឲ្យមានការរអិលបាក់ដីរួមនិងការខូចខាតផ្សេងៗទៀតនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសហ្វីលីពីននេះដែរ។

ការិយាល័យការពារពលរដ្ឋស៊ីវិលបានប្រកាសថាមនុស្សយ៉ាងហោចណាស់៨នាក់បានបាត់បង់ជីវិត, ២នាក់កំពុងបាត់ខ្លួន, ៣៩៥នាក់បានរងរបួស ហើយលំនៅដ្ឋាននិងអគារជាង២ពាន់៧រយកន្លែងរួមមានសាលារៀននិងមន្ទីរពេទ្យបានទទួលរងការខូចខាត។

នៅក្នុងតំបន់តែមួយនោះដែរកាលពីថ្ងៃទី១៦ខែតុលាការរញ្ជួយដីកម្រិត៦,៣រ៉ិចទ័របានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់និងបានធ្វើឲ្យមនុស្សជាង២០០នាក់រងរបួសព្រមទាំងបានបំផ្លាញឬបង្កការខូចខាតទៅដល់អគារជាង៧ពាន់កន្លែង។

ប្រទេសហ្វីលីពីនស្ថិតនៅលើទីតាំងដែលគេឲ្យឈ្មោះថា “ខ្សែវ័ណ្ដអគ្គិ” នៃមហាសមុទ្រប៉ាស៊ីហ្វិក ជាកន្លែង ដែលការរញ្ជួយដីភាគច្រើននៅលើពិភពលោកកើតឡើងនៅទីនោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation