ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ បើទោះបីជាប់ស្ថិតនៅ គណបក្សនយោបាយណាក៏ដោយក្នុងនាមជាក្រុមប្រឹក្សាខេត្ត គឺជាតំណាងឲ្យប្រជាពលរដ្ឋ ធ្វើការបំពេញ កិច្ចការងារជូនរាជរដ្ឋាភិបាល
កំពង់ចាម៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា ខេត្ត កំពង់ចាមកន្លងទៅនេះគឺមានគណបក្សនយោបាយចំនួន៥ បានចូលរួមឈរឈ្មោះបោះឆ្នោត ប៉ុន្តែខេត្តកំពង់ចាម មានតែតំណាងគណបក្សនយោបាយ២ប៉ុណ្ណោះដែលបានជាប់ជាសមា ជិកក្រុមប្រឹក្សាខេត្តហើយទោះបីជាប់ស្ថិតនៅគណបក្សនយោបាយណាក៏ដោយក្នុងនាមជា ក្រុមប្រឹក្សាខេត្តគឺជាតំណាងឲ្យប្រជាពលរដ្ឋ ធ្វើការបំពេញកិច្ចការងារជូនរាជរដ្ឋាភិបាល។
មានប្រសាសន៍បញ្ជាក់ខាងលើនេះគឺធ្វើឡើងនៅក្នុងឱកាសដែល លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងថ្នាក់ដឹកនាំអមដំណើរជាច្រើនអ្នកទៀត រួមទាំងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាមបានអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់មុខតំណែងរបស់ក្រុម ប្រឹក្សាខេត្តកំពង់ចាម ចំនួន២៧រូបនៅ ក្នុងអាណត្តិទី៤ នាថ្ងៃទីទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ។
នៅក្នុងឱកាសនេះដែរលោកឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិត នេត សាវឿន បានកោតសរសើរដល់ខេត្តកំពង់ចាម ដែលបានអនុវត្តការងារទទួលបានជោគជ័យជាច្រើន នាពេលកន្លងទៅ ដោយក្រុមប្រឹក្សាខេត្ត បានសហការល្អ បំពេញការងារល្អ ជាមួយគណៈ អភិបាលខេត្ត ក្រុង ស្រុក ទាំងអស់គឺដំណើរការល្អពុំមានបញ្ហាអ្វីកើតឡើងនោះទេ។
ជាមួយ គ្នានេះ លោកឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិត នេត សាវឿនបានលើកឡើងថាគោលការណ៍គ្រឹះ នៃលទ្ធិប្រជាធិបតេយ្យ៣សំខាន់គឺ ការបោះឆ្នោត ការអភិវឌ្ឍប្រជាធិបតេ្យថ្នាក់ក្រោមជាតិ និងការផ្ទេអំណាចទៅថ្នាក់ក្រោម។
ទន្ទឹមនឹងនេះដែរក្នុងនាម លោក អ៊ុន ចាន់ដាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមមានប្រសាសន៍ផងដែរថាក្នុងនាមជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ដែលបានជាប់ឆ្នោត ទោះបីជា លោក លោកស្រី មានសមាសភាពមក ពីគណបក្សនយោបាយផ្សេងៗពីគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាខេត្ត គឺជាតំណាងឲ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូល។ ហេតុនេះនៅក្នុងអាណត្តិការងារ ៥ឆ្នាំនេះ លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត សូមស្នើឱ្យខិត ខំបំពេញ តួនាទីភារកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងបម្រើផល ប្រយោជន៍ជូនប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់ និន្នា ការនយោបាយនោះឡើយ៕
អត្ថបទ៖ ហ៊ាង ថាច