នាយករដ្ឋមន្រ្តីវៀតណាម៖ កម្ពុជា-វៀតណាម មានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរលើគ្រប់វិស័យ

ហាណូយ៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀត ណាមលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង អធិការកិច្ច បានដឹកនាំគណៈប្រតិភូជាន់ ខ្ពស់ក្រសួងអធិការកិច្ចកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោក ផាម មិញជិញ (H.E Mr. Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋាភិ បាល រដ្ឋធានីហាណូយ នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ម្សិល មិញ។
ក្នុងជំនួបនាឱកាសនោះ លោក ផាម មិញជិញ បានសម្តែងការអបអរសាទរចំពោះ លោករដ្ឋមន្ត្រី ហួត ហាក់ ដែលបានអញ្ជើញមកបំបេញទស្សនកិច្ចនៅ វៀត ណាមលើកដំបូង ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា ហើយលោក បានជូនពរគណៈប្រតិភូក្រសួងអធិការកិច្ចកម្ពុជា បំពេញទស្សនកិច្ចទទួល បានជោគ ជ័យនៅវៀតណាមដើម្បីរួមចំណែក ពង្រឹង កិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរឱ្យកាន់មាន ប្រសិទ្ធភាព និងបន្តអភិវឌ្ឍចំណង មិត្តភាពប្រទេសទាំងពីរអោយកាន់តែរីកចំរើនបន្ថែមទៀត។
លោក ផាម មិញជិញ បានបញ្ជាក់ថា៖ ប្រទេសទាំងពីរកម្ពុជា វៀតណាម មានទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមួយគ្នាតាំងពីយូរលុងណាស់មកហើយ ហើយធ្លាប់បានប្រកៀកស្មារួបរួមសាមគ្គីគ្នា តស៊ូជំនះរាល់ការលំបាក និងមានកិច្ចសហ ប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរលើគ្រប់វិស័យ។
ក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិ បត្តិការលើវិស័យអធិការកិច្ចនៃប្រទសទាំងពីរ ដែលបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ក្នុងរយៈពេលកន្លងមកនេះ ក្នុងនោះអគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាម និងក្រសួងអធិការកិច្ច បានសហគ្នាបានយ៉ាងល្អ ដោយឈរលើគោលការណ៍សមភាព មិត្តភាព និងផលប្រយោជន៍ទៅវិញទៅមកស្របតាមច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសទាំងពីរ និងច្បាប់អន្តរ ជាតិ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ក៏ បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អតីតឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលសម្តេចបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការពង្រឹងទំនាក់ ទំនងប្រទេសទាំងពីរ កម្ពុជា វៀតណាម ដែលត្រូវតែថែរក្សាពូនជ្រុំ កសាងអោយបានរឹងមាំបន្ថែមទៀត ក្នុងកិច្ចសហប្រតិ បត្តិការលើវិស័យអធិការកិច្ចប្រទេសទាំងពីរ។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានជម្រាបជូនថា៖ នេះជាដំណើរទស្សនកិច្ចលើក ដំបូង ក្រោយពីចូលកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៃរាជរដ្ឋាភិបាល នីតិ កាលទី៧ នៃរដ្ឋសភា ដែលភាគច្រើននៃគណៈរដ្ឋមន្ត្រី ជាយុវជនជំនាន់ថ្មី ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានការផ្ទេរអំណាចដោយរលូន តាមរយៈការបោះ ឆ្នោតសកលពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះ រាជាណាចក្រកម្ពុជា។
ក្នុងនាមយុវជនបន្តវេន លោករដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណនិងគុណូបការៈ ដែលថ្នាក់ដឹកនាំ បានបន្សល់ទុកនូវស្នាដៃនិងសមិទ្ធផលជាច្រើន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍនៅពេលបច្ចុប្បន្ន និង ប្តេជ្ញាបន្តថែរក្សាពូនជ្រុំសមិទ្ធ ផលទាំងនេះ រួមជាមួយការបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈ ប្រតិភូក្រសួងអធិការកិច្ចនាពេលនេះ ព្រម ទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យមានការចុះហត្ថលេខាលើអនុ ស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងអធិការកិច្ចកម្ពុជា និងអធិការកិច្ចរដ្ឋាភិ បាលវៀតណាម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ចរវាងស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរ។
តាមរយៈកាយវិការដ៏ថ្លៃថ្លានេះ លោក រដ្ឋ មន្រ្តី មានជំនឿយ៉ាងមុតមាំថា ជំនួបនាពេលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តពូនជ្រុំទំនាក់ទំនង និងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថេរភាពយូរអង្វែងរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងបន្ថែមទៀត៕
ដោយ៖វង សុភ័ក្ត្រ





