ក្រុមហ៊ុន CBS ជួយបំភ្លឺក្ដីសុបិនរបស់សិស្សអង្គការមូលនិធិកុមារកម្ពុជា (ស៊ីស៊ីអេហ្វ)
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ សិស្សមធ្យមសិក្សាប្រមាណ២០នាក់មកពីអង្គការមូលនិធិកុមារកម្ពុជា (ហៅកាត់ថា ស៊ីស៊ីអេហ្វ-CCF) បានមកទស្សនកិច្ចសិក្សា នៅក្រុមហ៊ុន CBS (CTN, MyTV, CNC & CBS Digital)។
ការណ៍នេះទទួលស្វាគមន៍ដោយលោក Dave Ulmer នាយកប្រតិបត្តិ ព្រមទាំងថ្នាក់ដឹកនាំស្ថាប័ន CBS មួយចំនួនទៀត។
ក្នុងឱកាសនេះ ក្រុមយុវសិស្សមកពីអង្គការមូលនិធិកុមារកម្ពុជា មានការចាប់អារម្មណ៍ខ្លាំងដែលភាគច្រើនពួកគេមានក្តីស្រមៃធ្វើការងារក្នុងវិស័យសោតទស្សន៍នេះ។ ជាមួយគ្នានេះ ក្រុមការងារ CBS បាននាំពួកគេទៅមើលតាមស្ទូឌីយោនីមួយៗ និងការថតនូវកម្មវិធីផ្សេងៗរបស់ទូរទស្សន៍ CTN, MyTV និង CNC ជាពិសេសស្ទូឌីយោ ម៉ាស្ទ័រឆេហ្វ ( MasterChef)។ លើសពីនេះ ពួកគាត់ក៏បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយបន្ទាប់ពីបានឃើញដោយផ្ទាល់នូវស្ទូឌីយោទំនើបធំទាន់សម័យនៅក្រុមហ៊ុនCBS។ ក្នុងនោះដែរ ពួកគេក៏បានទៅទស្សនាស្ទូឌីយោព័ត៌មាន CNC ហើយនឹងចង់ក្លាយជាអ្នកសារព័ត៌មានផងដែរ។
ក្នុងគ្រានេះដែរ លោក Dave Ulmer មានបំណងចង់បំពេញក្ដីស្រមៃរបស់ ក្រុមយុវសិស្សមកពីអង្គការមូលនិធិកុមារកម្ពុជាផងដែរដែលមានបំណងមកទស្សនាផ្ទាល់នូវកម្មវិធីល្បីល្បាញនៅក្រុមហ៊ុន CBS ហើយក៏ជំរុញឲ្យពួកគេបន្តក្តីស្រមៃក្នុងជីវិតដែលស្រលាញ់ប្រព័ន្ធផ្សព្វផ្សាយ។ ម្យ៉ាងវិញទៀត ពួកគេក៏បានបង្ហាញបំណងប្រាថ្នាចង់មកហាត់ការនៅក្រុមហ៊ុន CBS ក្រោយបញ្ចប់ការសិក្សា។
គួរបញ្ជាក់ថា អង្គការមូលនិធិកុមារកម្ពុជា(CCF) បានបង្កើតឡើងនៅឆ្នាំ២០០៤ ដោយផ្តើមចេញពីការជួយកុមារីម្នាក់ និងគ្រួសាររបស់នាងឲ្យចាកផុតពីជីវភាពនៅលើគំនរសំរាមស្ទឹងមានជ័យ មុនពេលពង្រីកដំណើរការកម្មវិធីដើម្បីថែទាំសុខភាព និងសុខុមាលភាពរបស់កុមារចំនួន ៤៥នាក់ នៅក្នុងឆ្នាំដដែលនោះ។ នាពេលបច្ចុប្បន្ន អង្គការមូលនិធិកុមារកម្ពុជា បាននិងកំពុងគាំទ្រកុមារប្រមាណជិត២.០០០នាក់ ឲ្យខិតខំប្រឹងប្រែង រៀនសូត្រដើម្បីទទួលបានអនាគតល្អប្រសើសម្រាប់ខ្លួនពួកគេផ្ទាល់រួមទាំងគ្រួសាររបស់ពួកគេផងដែរ។
សូមជម្រាបជូនថា ក្រុមហ៊ុនCambodian Broadcasting Service (CBS)
បានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៣ត្រូវបានគេទទួលស្គាល់ជាបណ្តាញផ្សព្វផ្សាយនាំមុខគេនិងមានស្តង់ដាច្នៃប្រឌិតខ្ពស់ក្នុងវិស័យទូរទស្សន៍កម្ពុជា។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន CBS បានខិតខំយ៉ាងខ្លាំងក្នុងការបម្រើចក្ខុនិងចំណេះដឹងពលរដ្ឋកម្ពុជាតាមរយៈការផ្តល់កម្មវិធីផ្សាយលំដាប់អន្តរជាតិ ដែលនាំជូននូវទស្សនីយភាពកម្សាន្ត ការអប់រំ និងការបំផុសគំនិតផ្សេងៗ។ បន្ថែមពីនេះក៏រួមមានកម្មវិធីព័ត៌មាន និងចំណេះដឹងមានប្រជាប្រិយភាពខ្ពស់សម្រាប់អ្នកទស្សនាជាង ១៥លាននាក់នៅលើកញ្ចក់ទូរទស្សន៍ និងតាមបណ្តាញអនឡាញ ដូចជា CTN, MyTV, CNC, CBS Sports, និង CBS Digital ដែលធើ្វឲ្យ CBS ក្លាយជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលមានអ្នកទស្សនាច្រើនបំផុតក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន CBS ក៏ជាអ្នកឧបត្ថម្ភ និងជាដៃគូដ៏ធំមួយរបស់មូលនិធិកុមារកម្ពុជា (CCF) និងអង្គការមូលនិធិផ្កាយសមុទ្រឥណ្ឌូចិន (ISF) រួមនឹងអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលជំរុញលើកកម្ពស់សិទ្ធិអំណាចរបស់កុមារ និងពលរដ្ឋក្រីក្រនៅកម្ពុជាដើម្បីការផ្លាស់ប្តូរជីវិតដោយវិជ្ជមាន តាមរយៈផ្តល់ការអប់រំប្រកបដោយគុណភាព សេវាសុខាភិបាល និងឱកាសផ្សេងៗក្នុងសង្គម៕
អត្ថបទ៖ CNC