សេដ្ឋកិច្ច

៥ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលរបស់កម្ពុជា សម្រេចបានជាង ២១ពាន់លានដុល្លារ កើនឡើងជាង ១៣%

image


ភ្នំពេញ៖ ហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរបស់កម្ពុជា ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ ២០២៤ សម្រេចបានតម្លៃទឹកប្រាក់ប្រមាណ ២១,៣៩ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៣,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើផ្អែកតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទិន្នន័យដដែលនេះ បង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំនេះ កម្ពុជា បាននាំចេញមុខទំនិញនានាទៅទីផ្សារក្នុងតំបន់ និងពិភពលោក មានទំហំទឹកប្រាក់ ១០,០៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥,៤ភាគរយ ពីចំនួនទឹកប្រាក់ ៨,៧៣ពាន់លានដុល្លារអាម៉េរិក ដែលបាននាំចេញក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែកការនាំចូលមុខទំនិញរបស់កម្ពុជាវិញ ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំនេះ មានតម្លៃទឹកប្រាក់ ១១,២៦ពាន់លានដុល្លារអាម៉េរិក។ តួលេខនេះកើនឡើង ១១,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ដែលមានកាលនោះមានទឹកប្រាក់ ១០,១០លានដុល្លារអាម៉េរិក។

ការកើនឡើងគួរឲ្យកត់សម្គាល់នៃការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ក្នុងរយៈពេល ៥ខែ ឆ្នាំនេះ ដោយសារកំណើននាំចេញទៅកាន់បណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ដូចជា សហរដ្ឋអាម៉េរិក, វៀតណាម, ចិន, ជប៉ុន, ឥណ្ឌូនេស៊ី, កាណាដា, សិង្ហបុរី, អាល្លឺម៉ង់, ម៉ាឡេស៊ី, ចក្រភពអង់គ្លេស និងអេស្បាញ ជាដើម។

មុខទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា ក្នុងនោះរួមមាន៖ ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ, គ្រឿងបង្គុំ, បរិក្ខាអគ្គិសនី, ម៉ាស៊ីន, គ្រឿងបន្លាស់អេឡិចត្រូនិក, ផលិតផលកសិកម្ម, គ្រឿងសង្ហារឹម, កង់, ប្លាស្ទិក និងគ្រឿងអលង្ការ ជាដើម។

ចំណែកមុខទំនិញដែលកម្ពុជា នាំចូលភាគច្រើន មានដូចជា៖ វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ, ផលិតផលត្បូងចម្រុះ និងគ្រឿងអលង្ការមានតម្លៃ, ប្រេងឥន្ធនៈ, សម្ភារសំណង់, គ្រឿងអេឡិចត្រូនិក, យានយន្ត, គ្រឿងឧបភោគបរិភោគ និងឳសថ និងបរិក្ខាពេទ្យ ជាដើម។

រាជរដ្ឋាភិបាលកម្ពុជា ព្យាករថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៤នេះ រំពឹងថា នឹងងើបឡើងល្អប្រើសើរឡើងវិញ ក្នុងអត្រាកំណើនរង្វង់ ៦,៦%។ វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥% ក្នុងឆ្នាំ ២០២៤ ពីប្រមាណ ៥% ក្នុងឆ្នាំ ២០២៣ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។ នេះបើតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងទៀតថា និន្នាការល្អនៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងបន្តជំរុញកំណើននៃអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ លើផ្នែកផលិតកម្មបម្រើការនាំចេញ ជាពិសេសទៅលើផលិតផលសំខាន់ៗ មួយចំនួន រួមមាន៖ បន្ទះសូឡា, សំបកកង់ និងស្បែកសត្វមានរោម ជាដើម៕
អត្ថបទ៖ ចេង ឆហួត