ព័ត៌មានជាតិ

បន្ទាប់ពីលិចទូកស្លាប់សិស្សម្នាក់​ អាជ្ញាធរស្រុកកំពង់ស្វាយ ណែនាំដល់ម្ចាស់ទូកដរ ត្រូវប្រុងប្រយ័ត្ន​ និងធានាចម្លងអ្នកដំណេីរដោយស្មារតីទទួលខុសត្រូវ

image


កំពង់ធំ៖​ បន្ទាប់ពីមានឧប្បតិហេតុលិចទូកដរចម្លងសិស្សនៅឃុំឈូក ស្រុកប្រាសាទសំបូរ កាលពីពេលថ្មីនេះរួចមក លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានចាត់វិធានការចុះពិនិត្យទីតាំងភូមិសាស្ត្រផ្ទាល់របស់ខ្លួន ដែលមានសិស្សានុសិស្សធ្វើដំណើរលើទូកដរ មកសិក្សារៀនសូត្រជារៀងរាល់ថ្ងៃនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យពាមគ្រែង ស្ថិតនៅឃុំក្តីដូង ស្រុកកំពង់ស្វាយ។

ជាមួយនឹងវិធានការរបស់ថ្នាក់ដឹកនាំស្រុកនេះដែ លោក ឈុន ស្រីឈឿន នាយកអនុវិទ្យាល័យពាមគ្រែង បានបញ្ជាក់ថា​ សម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១០ មានសិស្សចំនួន ១០១នាក់(ស្រី ៣៧នាក់)​ ត្រូវបានឆ្លងទូកដរជាប្រចាំ ក្នុងថ្ងៃរៀនសូត្រ សម្រាប់១ពេលជិះឆ្លង២ដង ក្នុង១ដងមានចំនួន ៥០នាក់ សម្រាប់អាវពោងសុវត្ថិភាពមានតែ ៣៥ពោង​តែប៉ុណ្ណោះ ពុំមានគ្រប់គ្រាន់ដល់សិស្សានុសិស្សសម្រាប់ពាក់ក្នុងការជិះទូកឆ្លងពីត្រើយម្ខាង ទៅត្រើយម្ខាងទៀតនោះឡើយ។

ទន្ទឹមការលើកឡើងខាងលើនេះដែរ​ លោក អ៊ុត វណ្ណរ៉ា បានណែនាំដល់ម្ចាស់ទូកដរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នពីសុវត្ថិភាពទាំងឧបករណ៍ទូក និងម៉ាស៊ីនដែលចម្លងសិស្សានុសិស្សមកសិក្សារៀនសូត្រជារៀងរាល់ថ្ងៃ ត្រូវតែឱ្យអាវពោងសុវត្ថិភាពក្នុងការជិះទូកឆ្លងទៅមកប្រកបដោយសុវត្ថិភាព​ និងមានការទទួលខុសត្រូវខ្ពស់ផងដែរ។ ចំពោះការឱ្យសិស្សជិះទូកដរទៅមក មិនឱ្យដាក់សិស្សានុសិស្សលើសចំណុះនោះឡើយ ត្រូវតែគិតពីចំនួនសិស្សានុសិស្ស និងឧបករណ៍ទូក ដើម្បីធានាសុវត្ថិភាពពីការលេចលង់ដែលកើតឡើងដោយយថាហេតុ។

លោកអភិបាលស្រុកកំពង់ស្វាយ បានបញ្ជាក់ថា​ លោកគ្រូអ្នកគ្រូដែលបង្រៀនសិស្សានុសិស្ស និងឪពុកម្ដាយសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់​ និងតាមដានការធ្វើដំណើររបស់ពួកគាត់ឱ្យបានគ្រប់ពេលវេលា ដើម្បីជៀសវាងពីការគ្រោះថ្នាក់ដល់អាយុជីវិតសិស្សា នុសិស្សដែលកំពុងសិក្សារៀនសូត្រ។ ទន្ទឹមនេះសិស្សានុសិស្សទាំងអស់ ត្រូវតែស្ដាប់ការណែនាំរបស់លោកគ្រូអ្នកគ្រូ និងម្ចាស់ទូកដរ ត្រូវតែពាក់អាវពោងសុវត្ថិភាពជាប្រចាំ នៅពេលដែលឆ្លងទូកដរ ពេលទៅសាលារៀន និងចេញពីសាលារៀនឱ្យមានសុវត្ថិភាព​ ចៀសវាងពីការបាត់បង់ជីវិតដោយប្រការណាមួយ៕

ដោយ៖​ ស៊ុម សុីថាវរី