អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បង្ហាញគោលនយោបាយថ្មីធ្វើយ៉ាងណាឲ្យមានអ្នកឆ្លងថ្មីក្រោម១នាក់ឬ២០០នាក់ក្នុង១ឆ្នាំ ចំណែកអ្នកស្លាប់ឲ្យតិចជាង២០០នាក់ក្នុង១ឆ្នាំ
ភ្នំពេញ៖ តាមទិន្នន័យសិក្សាស្រាវជ្រាវនៅក្នុងឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រួមជាមួយដៃគូពាក់ព័ន្ធបង្ហាញថា កម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ចំនួនជិត៨ម៉ឺននាក់ អ្នកឆ្លងថ្មីមានជិត១ពាន់៥០០នាក់ក្នុង១ឆ្នាំ និងអ្នកស្លាប់ដោយសារជំងឺអេដស៍មានចំនួនជាង១ពាន់នាក់ក្នុង១ឆ្នាំ។ ដើម្បីទប់ស្កាត់នឹងបញ្ហានេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដាក់ចេញនូវគោលការណ៍មួយចំនួន ដោយធ្វើយ៉ាងណាឲ្យចំនួនអ្នកឆ្លងថ្មីក្រោម១នាក់ ឬ ២.០០នាក់ក្នុង១ឆ្នាំ និងត្រូវលុបបំបាត់ឲ្យអស់នូវការរើសអើសចំពោះអ្នកផ្ទុកមេរោគអេដស៍។ នេះជាការបញ្ជាក់របស់លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ក្នុងកិច្ចសម្ភាសជាមួយ CNC នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍ថា អត្រាប្រជាពលរដ្ឋទូទៅឆ្លងជំងឺអេដស៍មានការថយចុះ០,៥%ក្នុងឆ្នាំ២០២២។ ទិន្នន័យសិក្សានៅក្នុងឆ្នាំ២០២២របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រួមជាមួយដៃគូពាក់ព័ន្ធបង្ហាញថា កម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ចំនួន៧៦.០០០នាក់ អ្នកឆ្លងថ្មីមាន១.៤០០នាក់ក្នុង១ឆ្នាំ និងអ្នកស្លាប់ដោយសារជំងឺអេដស៍មានចំនួន១.១០០នាក់ក្នុង១ឆ្នាំ។ លោកថាដើម្បីទប់ស្កាត់បញ្ហានេះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដាក់ចេញនូវគោលការណ៍មួយចំនួន ដោយធ្វើយ៉ាងណាឲ្យមានចំនួនអ្នកឆ្លងថ្មីក្រោម១នាក់ ឬ ២០០នាក់ក្នុង១ឆ្នាំ និងត្រូវលុបបំបាត់ឲ្យអស់នូវការរើសអើសចំពោះអ្នកផ្ទុកមេរោគអេដស៍។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បញ្ជាក់ថា និន្នាការប្រជាពលរដ្ឋទូទៅដែលឆ្លងជំងឺអេដស៍មានការថយចុះ ០,៥% ខណៈឆ្នាំ១៩៩៨មាន ៣% ប៉ុន្តែមានការកើនឡើងទៅលើប្រជាជនគន្លឹះដែលមានដូចជាបុរសរួមភេទជាមួយបុរស អ្នកបំប្លែងភេទ និងអ្នកប្រកបការងារបម្រើសេវាកម្សាន្តជាដើម។
លោក ឈឹម ឃិនដារ៉េត បន្តថា ក្រៅពីជនគន្លឹះយុវជនដែលមានវ័យពី១៥ឆ្នាំដល់២៤ឆ្នាំក៏មានអត្រាឆ្លងកើនឡើងផងដែរ ពោលកើនឡើងពី៤០ទៅ៤២%។ ចំណែកបុរសរួមភេទជាមួយបុរសមានអត្រាឆ្លង៤០% រីឯក្រុមជនគន្លឹះមាន៨៣%។
ដើម្បីទប់ស្កាត់នូវហានិភ័យនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះមានរបៀវារដូចជា ការបង្ហាញបទបង្ហាញសេចក្តីព្រាងស្តីពីវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២៣។ បទបង្ហាញស្តីពីការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ បទបង្ហាញស្តីពីការចុះបញ្ជីបុគ្គលបម្រើការងារនៅក្នុងសេវាបម្រើសេវាកម្សាន្ត/ប្រជាជនគន្លឹះ។ ពិភាក្សា និងអនុម័តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី១ ឆ្នាំ២០ ២៤ រួមនឹងសូចនាករសម្រាប់តាមដានគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។
ជាមួយគ្នានេះ លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានគូសបញ្ជាក់ថា គោលនយោបាយបញ្ចប់អេដស៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានគោលបំណងចំនួន៣ គោលការណ៍ចំនួន៧ និងមានវិធានគោលនយោចំនួន៥៣។
សូមជម្រាបថា តាមទិន្នន័យសិក្សាស្រាវជ្រាវនៅក្នុងឆ្នាំ២០២២បង្ហាញថា កម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ចំនួន៧៦.០០០នាក់ អ្នកឆ្លងថ្មីមាន១.៤០០នាក់ និងអ្នកស្លាប់ដោយសារជំងឺអេដស៍មានចំនួន១.១០០នាក់ ខណៈតួលេខថ្មីក្នុងឆ្នាំ២០២៣ក្រសួងមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ៕
អត្ថបទ៖ សុភៈនារី
រូបភាព៖ ផេកក្រសួង