ព័ត៌មានអន្តរជាតិ

អ្នកស្រុកប៉ូឡូញ បារម្ភថា តំបន់ការពារក្បែរព្រំដែនបេឡារុស្ស នឹងប៉ះពាល់វិស័យទេសចរណ៍ និងអាជីវកម្មក្នុងស្រុក

image


ប៉ូឡូញ៖ ម្ចាស់អាជីវកម្មក្នុងស្រុក រួមទាំងអ្នកដែលរកប្រាក់ចំណូលដោយពឹងផ្អែកលើវិស័យទេសចរណ៍ក្នុងតំបន់ បានបញ្ចេញមតិយោបល់ថា វិស័យទេសចរណ៍នៅក្នុងតំបន់ព័ទ្ធជុំវិញឧទ្យានជាតិប៊ីយ៉ាឡូវីហ្សា (Bialowieza) ក្នុងប្រទេសប៉ូឡូញ និងត្រូវជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ អាចនឹងទទួលរងផលប៉ះពាល់ពីគម្រោងផែនការនៃការដាក់ឱ្យដំណើរការតំបន់ការពារនៅតាមបណ្តោយបន្ទាត់ព្រំដែនជាមួយប្រទេសបេឡារុស្ស ដោយពលរដ្ឋបង្កើនភាពភ័យខ្លាចចំពោះជីវភាពរបស់ពួកគេ អំឡុងរដូវវិស្សមកាលនារដូវក្តៅ និងប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មរបស់អ្នកស្រុក ។

ទន្ទឹមគ្នានេះ គោលបំណងរបស់រដ្ឋាភិបាល គឺដើម្បីដោះស្រាយការប្រឈមមុខដាក់គ្នារវាងជនចំណាកស្រុក និងអាជ្ញាធរនៅតាមបន្ទាត់ព្រំដែន ប៉ុន្តែម្ចាស់អាជីវកម្មក្នុងស្រុកបានបង្ហាញក្តីព្រួយបារម្ភពីផលប៉ះពាល់លើវិស័យទេសចរណ៍ក្នុងតំបន់ ខណៈអាជ្ញាធរអះអាងថា គម្រោងខាងលើ នឹងជួយផ្តល់សុវត្ថិភាពជាងមុនដល់អ្នកទេសចរ រួមទាំង ផ្តល់សំណងសមស្របណាមួយដល់ម្ចាស់អាជីវកម្ម ។

កាលពីខែឧសភា នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់ (Donald Tusk) បានប្រកាសអំពីផែនការ ក្នុងការដាក់ឱ្យដំណើរការឡើងវិញនូវតំបន់ការពារក្នុងចម្ងាយ ២០០ ម៉ែត្រនៅតាមបន្ទាត់ព្រំដែនជាមួយប្រទេសបេឡារុស ជាទីកន្លែងដែលវិបត្តិជនចំណាកស្រុក បាននិងកំពុងតែកើតមានកាន់តែខ្លាំងឡើងៗ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាមួយនឹងកំណើននៃអំពើហិង្សាដែលនាំឱ្យទាហានម្នាក់បានបាត់បង់ជីវិតរួចទៅហើយ ។

បណ្តាប្រទេសនានា នៅក្នុងតំបន់អឺរ៉ុប បានចោទប្រកាន់បេឡារុស្ស ដែលជាសម្ព័ន្ធមិត្តរបស់រុស្សី ថាមានជាប់ពាក់ព័ន្ធនៅក្នុងវិបត្តិចំណាកស្រុក ដោយព្យាយាមបញ្ជូនជនចំណាកស្រុកមកពីតំបន់មជ្ឈិមបូព៌ា និងជំរុញឱ្យពួកគេប៉ុនប៉ងឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងសហភាពអឺរ៉ុប។

ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើនេះ ប្រទេសប៉ូឡូញគ្រោងនឹងចំណាយទឹកប្រាក់ ១០ ពាន់លានហ្សូឡូតទី (zlotys) នៃរូបីយប័ណ្ណប៉ូឡូញ ឬប្រហែល ២.៤៨ ពាន់លានដុល្លារអាម៉េរិក ដើម្បីចំណាយលើការពង្រឹងដល់ការការពារនៅតាមខ្សែបន្ទាត់ព្រំដែន ។

គួររំឮកថា វិស័យទេសចរណ៍ ទទួលរងផលប៉ះពាល់ម្តងរួចមកហើយ នៅពេលរដ្ឋាភិបាលមុន បានកំណត់តំបន់ការពារ នៅពេលវិបត្តិជនចំណាកស្រុក បានផ្ទុះឡើងជាលើកដំបូងក្នុងឆ្នាំ ២០២១ ។ នៅពេលនោះ ក្រុមអ្នកបរិស្ថាន បានព្រមានផងដែរថា គម្រោងនេះ អាចគំរាមកំហែងដល់ព្រៃឈើ និងសត្វព្រៃថែមទៀតផង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect