មេដឹកនាំគណបក្សស្តាំនិយម Marine Le Pen អំពាវនាវឱ្យអ្នកស្នេហាជាតិ កសាងរដ្ឋាភិបាលនាពេលអនាគត
បារាំង៖ មេដឹកនាំគណបក្សស្តាំនិយមជ្រុលរបស់ប្រទេសបារាំង លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) កាលពីដើមសប្តាហ៍នេះ បានអំពាវនាវឱ្យ “បុគ្គលមានសុឆន្ទៈ និងជាអ្នកស្នេហាជាតិ” គួរជួយជ្រោងគណបក្សរបស់លោកស្រី ឱ្យទទួលបានសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសភានាពេលខាងមុខ ។
លោកស្រី ឡឺប៉ែន បានលើកឡើងថា លោកស្រីបានជួបជាមួយមន្ត្រីជាច្រើនរូប រួមទាំងអនុប្រធានប្រតិបត្តិរបស់គណបក្សស្តាំនិយមផងដែរ ។ លោកស្រី បានបន្ថែមទៀតថា ប្រធានបក្ស National Rally (RN) និងជាបេក្ខជននាំមុខនៅក្នុងការបោះឆ្នោតសភាអឺរ៉ុប នឹងក្លាយជានាយករដ្ឋមន្ត្រី ប្រសិនបើគណបក្សរបស់លោកស្រី ទទួលបានសំឡេងភាគច្រើន ។
លោកស្រី ឡឺប៉ែន បានលើកឡើងផងដែរថា៖ «យើងត្រៀមខ្លួនជាស្រេច ដើម្បីឡើងកាន់អំណាច ប្រសិនបើប្រជាជាតិបារាំងទុកចិត្តលើគណបក្សរបស់យើង»។ «យើងត្រៀមខ្លួនជាស្រេច ក្នុងការកសាងប្រទេសជាតិឡើងវិញ រួមទាំងការពារផលប្រយោជន៍របស់បារាំង និងដើម្បីបញ្ចប់បញ្ហាអន្តោប្រវេសន៍ទ្រង់ទ្រាយធំ ហើយពង្រឹងអំណាចរបស់បារាំងឡើងវិញ ក៏ដូចជាចាប់ផ្តើមវិស័យឧស្សាហកម្មរបស់បារាំងឱ្យល្អប្រសើឡើងវិញ» ។
ដោយឡែក លោកប្រធានាធិបតីបារាំង អ៊ែមម៉ានូអ៊ែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសថារំលាយសភាជាតិបារាំង កាលពីល្ងាចថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យមានការបោះឆ្នោតមុនកាលកំណត់ បន្ទាប់ពីលទ្ធផលបោះឆ្នោតបឋម បង្ហាញថា គណបក្សរបស់លោក ទទួលរងភាពបរាជ័យក្នុងកម្រិតមួយដ៏ធ្ងន់ធ្ងរ អំឡុងការបោះឆ្នោតសភាអឺរ៉ុប ។
អំឡុងសុន្ទរកថាថ្នាក់ជាតិរយៈពេលមួយម៉ោង ប្រមុខដឹកនាំបារាំង លោក ម៉ាក្រុង មានប្រសាសន៍ដោយប្រកាសថា លោកសម្រេចរំលាយសភាបារាំង និងរៀបចំឱ្យមានការបោះឆ្នោតសភាមុនកាលកំណត់ ព្រោះតែលទ្ធផលបោះឆ្នោតសភាអឺរ៉ុប កាលពីថ្ងៃអាទិត្យ បានបង្កក្ដីព្រួយបារម្ភយ៉ាងធំមួយ សម្រាប់រដ្ឋាភិបាលរបស់លោក ហើយលោកមិនអាចឈរអោបដៃមើលដោយមិនរវល់អ្វីនោះទេ។ លោក ម៉ាក្រុង បានបញ្ជាក់ដែរថា ជុំទីមួយនឹងធ្វើឡើងនៅថ្ងៃទី ៣០ ខែមិថុនា ហើយជុំទីពីរនឹងធ្វើឡើងនៅថ្ងៃទី ៧ ខែកក្កដា ។
គួររំឮកថា លទ្ធផលបឋមកាលពីថ្ងៃចុងសប្តាហ៍ បានបង្ហាញថា គណបក្សរ៉េណៃសង់ (Renaissance) របស់លោកម៉ាក្រុង ដែលទទួលបានការគាំទ្រ ១៥.២% ត្រូវបានទាញទម្លាក់ដោយគណបក្សស្តាំនិយម National Rally (RN) ដែលឈរនៅលំដាប់កំពូល ជាមួយនឹងសំឡេងគាំទ្ររហូតដល់ ៣១.៥% ឯណោះ ខណៈគណបក្សសង្គមនិយម ដែលឈរនៅលេខរៀងទី៣ ទទួលបាន ១៤.៣% ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect/ CNN
រូបភាព៖ Bloomberg/ Euro News