៥ខែដំបូងឆ្នាំនេះ កម្ពុជា រកចំណូលបានពីការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរជិត ៥ពាន់លានដុល្លារ កើនឡើងជាង ២០%
ភ្នំពេញ៖ ការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិត ផលធ្វើដំណើរ របស់ប្រទេសកម្ពុជា ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ ២០២៤ ឈានដល់តម្លៃទឹកប្រាក់សរុប ៤.៩៦៩លានដុល្លារអាមេរិក កើនឡើង ២០,៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខផ្តល់ដោយក្រសួងពាណិជ្ជកម្ម។
ស្ថិតិដដែលនេះ បានឲ្យដឹងទៀតថា ប្រទេសកម្ពុជា បាននាំចេញផលិតផលវាយនភណ្ឌកាត់ដេរ និងសម្លៀកបំពាក់ ក្នុងតម្លៃទឹកប្រាក់ ៣.៦២៨លានដុល្លារអាមេរិក, ផលិតផលស្បែកជើង ៦១៥លានដុល្លារអាមេរិក និងទំនិញធ្វើដំណើរ ៧២៦លានដុល្លារអាមេរិក។ តួលេខនេះ កើនឡើង ២២,៥៦ភាគរយ, ១០,១៥ភាគរយ និង១៨,៨៥ភាគរយ រៀងគ្នា។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គឺជាទីផ្សារនំាចេញធំបំផុតសម្រាប់មុខទំនិញវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើររបស់កម្ពុជា។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនា គារពិភពលោក ដែលចេញផ្សាយកាលពីសប្តាហ៍មុននេះថា កំណើនសេដ្ឋកិច្ច នឹងមានភាពកាន់តែប្រសើរនៅក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់ ដោយសារវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ មានកំណើនខ្ពស់ ដោយផ្អែកលើសន្ទុះវិជ្ជមាន ដែលបានកើតឡើងក្នុងត្រីមាសត្រីមាសទី១ឆ្នាំនេះ ។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ ត្រូវបានព្យាករនឹងងើបឡើងវិញ ហើយរំពឹងនឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦%។ ក្នុងនោះវិស័យវាយនភណ្ឌកាត់ដេរត្រូវបានព្យាករថា នឹងមាននិន្នាការងើបឡើងវិញ នៅឆ្នាំ ២០២៤ ដោយសារការងើបឡើងវិញនៃតម្រូវការសកល ពិសេសបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមមាន៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាដើម៕
អត្ថបទ៖ សៀម ប៊ុនធី