ព័ត៌មានអន្តរជាតិ

ប្រទេសស្វីស នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ដើម្បីស្វែងរកសន្តិភាពសម្រាប់អ៊ុយក្រែន

image


ស្វីស៖ រដ្ឋាភិបាលប្រទេសស្វីស នៅដើមសប្តាហ៍នេះ បានបញ្ជាក់ថា ស្ថាប័នរដ្ឋនិងអង្គការចំនួន ៩០ បានចុះឈ្មោះចូលរួមនៅក្នុងកិច្ចប្រជុំកំពូលមួយស្ថិតនៅកណ្តាលប្រទេសស្វីស ក្រោមគោលបំណងជួយត្រួសត្រាយផ្លូវ សម្រាប់ស្តារសន្តិភាពឡើងវិញនៅក្នុងប្រទេសអ៊ុយក្រែន ដោយប្រទេសស្វីស នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូល នៅថ្ងៃទី ១៥-១៦ ខែមិថុនា ។

នៅក្នុងកិច្ចប្រជុំកំពូលនាពេលឆាប់ៗខាងមុខ គេមិនបានអញ្ជើញប្រទេសរុស្ស៊ី ឱ្យចូលរួមនោះទេ ប៉ុន្តែរដ្ឋាភិបាលស្វីស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការជួបជុំនេះ នឹងមានគោលបំណង "រួមគ្នាកំណត់ផែនទីបង្ហាញផ្លូវ" អំពីយុទ្ធសាស្ត្រក្នុងការដំណើរការសន្តិភាពនាពេលអនាគតនៅអ៊ុយក្រែន ។

កាលពីខែមករា ប្រទេសស្វីស បានយល់ព្រមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ តបតាមសំណើរបស់លោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskiy) និងបានព្យាយាមផ្តល់ការគាំទ្រសម្រាប់អ៊ុយក្រែន នៅក្នុងចំណោមប្រទេសដែលមានទំនាក់ទំនងល្អជាមួយទីក្រុងមូស្គូ ជាជាងបណ្តាប្រទេសលោកខាងលិច ។

ក្នុងពេលដំណាលគ្នា រុស្ស៊ី បានពេបជ្រាយចំពោះកិច្ចប្រជុំកំពូល ថាចំណាយពេលវេលាឥតប្រយោជន៍ ខណៈស្វីស លើកឡើងថា រុស្ស៊ីមិនត្រូវបានអញ្ជើញឱ្យចូលរួម ព្រោះរុស្ស៊ីគ្មានចំណាប់អារម្មណ៍ក្នុងការចូលរួម ។ ទោះជាបែបណាក្តី ស្វីស សង្កត់ធ្ងន់ថា រុស្ស៊ីជាផ្នែកមួយស្ថិតនៅក្នុងដំណើរការស្វែងរកសន្តិភាព ។

អវត្តមានរបស់រុស្ស៊ី បានទាក់ទាញបណ្តាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ ដូចជា ប្រទេសចិន ជាដើមនោះ ឱ្យនិយាយថា គ្មានចំណុចណាមួយបង្ហាញពីការចរចាដើម្បីស្វែងរកសន្តិភាពនោះទេ លុះត្រាតែភាគីជម្លោះរុស្ស៊ី និងអ៊ុយក្រែន ចូលរួមនៅក្នុងកិច្ចប្រជុំជាមួយគ្នា ដើម្បីអាចស្វះស្វែងរកគំនិតផ្សេងៗ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect