គិតត្រឹមដើមសប្តាហ៍ទី២នៃខែមិថុនានេះ ប្រជាកសិករនៅទូទាំង ខេត្តកំពង់ឆ្នាំង ទើបតែបង្កបង្កើនផលស្រូវវស្សាបានលើផ្ទៃដីជាង ៦០ភាគរយប៉ុណ្ណោះ
កំពង់ឆ្នាំង៖ គិតត្រឹមដើមសប្តាហ៍ទី២នៃខែមិថុនានេះ ប្រជាកសិករនៅទូទាំងខេត្តកំពង់ឆ្នាំង ទើបតែបង្កបង្កើនផលស្រូវវស្សា បានជាង ៦០ភាគរយប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ។
លោក ងិន ហ៊ុន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១១ មិថុនានេះ ប្រជាកសិករនៅទូទាំងខេត្តកំពង់ឆ្នាំង សម្រេចដាំដុះស្រូវវស្សា បានចំនួន ៨០.០៤១ហិកតា ស្មើនឹង៦១,១០ភាគរយ លើផែនការ ១៣១.០០០ហិកតា។ ក្នុងនោះស្រូវស្រាលធ្វើបាន ចំនួន ១៥.៥៧១ហិកតា ស្រូវកណ្តាលធ្វើបាន ចំនួន ២៥.៦៧៣ហិកតា និងស្រូវធ្ងន់ធ្វើបាន ចំនួន ៣៨.៧៩២ហិកតា។
លោកប្រធានមន្ទីរ បញ្ជាក់ថា ឆ្នាំនេះការដាំដុះស្រូវវស្សា នៅក្នុងខេត្តកំពង់ឆ្នាំង មានសភាពយឺតជាងឆ្នាំមុន ចំនួន ២.៤០៥ហិកតា បើប្រៀបធៀបទៅនឹងរយះពេលដូចគ្នា។ ចំពោះមូលហេតុបណ្តាលមកពីកត្តាធម្មជាតិ គឺទឹកភ្លៀងបានធ្លាក់យឺតជាងឆ្នាំ ២០២៣កន្លងទៅ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអំពាវដល់ប្រជាកសិករ ត្រូវសម្រុកធ្វើការភ្ជួររាស់ សាបព្រោះ ឲ្យបានទាន់រដូវកាល ក្នុងខណៈពេលដែលទឹកភ្លៀង បានធ្លាក់ជាបន្តបន្ទាប់មកនេះ៕
អត្ថបទ៖ ហឹង ចូច