អាម៉េរិក ច្រានចោលរបាយការណ៍ដែលចោទអ៊ីស្រាអែល ថាប្រើប្រាស់ផែនៅតំបន់ហ្គាហ្សាក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំង
សហរដ្ឋអាម៉េរិក៖ កាលពីថ្ងៃចន្ទកន្លងទៅ មន្រ្តីមន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាម៉េរិក បានថ្លែងបដិសេធទៅនឹងរបាយការណ៍លើកឡើងមួយដែលចោទប្រកាន់អាម៉េរិកថា បានជួយអ៊ីស្រាអែលក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមហាម៉ាស ដោយអនុញ្ញាតឱ្យអ៊ីស្រាអែលប្រើប្រាស់ផែអណ្តែតទឹករបស់ខ្លួននៅតំបន់ហ្គាហ្សា ខណៈអង្គការសហប្រជាជាតិ (អ.ស.ប) បានប្រកាសពន្យាបេសកកម្មដឹកជញ្ជូនជំនួយមនុស្សធម៌តាមរយៈកំពង់ផែខាងលើជាបណ្តោះអាសន្ន ដើម្បីត្រួតពិនិត្យឡើងវិញលើបញ្ហាសន្តិសុខរបស់ក្រុមការងារ។
ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកឧត្តមសេនីយ៍ផាធ្រីក រ៉ាយដឺ (Patrick Ryder) បានថ្លែងរិះគន់ចំពោះការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម ដោយចោទប្រកាន់មកលើសហរដ្ឋអាម៉េរិក ហើយបានសង្កត់ធ្ងន់ថា ផែអណ្តែតទឹករបស់អាម៉េរិកនៅតំបន់ហ្គាហ្សា ពុំទទួលបានការអនុញ្ញាតិឱ្យប្រើប្រាស់ក្នុងប្រតិបត្តិការសង្គ្រោះចំណាប់ខ្មាំងរបស់អ៊ីស្រាអែលនោះទេ។
យ៉ាងណាមិញ មន្រ្តីអាម៉េរិក បានទទួលស្គាល់ចំពោះវត្តមានរបស់ឧទ្ធម្ភាគចក្រយោធាអ៊ីស្រាអែលដែលបានធើ្វប្រតិបត្តិការនៅក្បែរទីតាំងផែបណ្តោះអាសន្នខាងលើ ដោយបញ្ជាក់បន្ថែមទៀតថា រាល់ក្រុមការងារនិងគ្រឿងបរិក្ខារទាំងអស់នៅក្នុងកំពង់ផែនេះ គឺសម្រាប់តែបម្រើដល់កិច្ចការមនុស្សធម៌មួយមុខប៉ុណ្ណោះ និងគ្មានអ្វីពាក់ព័ន្ធនឹងប្រតិបត្តិការរបស់យោធាអ៊ីស្រាអែលនោះទេ។
ទាក់ទិននឹងប្រតិបត្តិការរំដោះចំណាប់ខ្មាំងរបស់យោធាអ៊ីស្រាអែលនេះដែរ បើតាមការអះអាងពីអាជ្ញាធរប៉ាឡេស្ទីនឱ្យដឹងថា បានបណ្តាលឱ្យពលរដ្ឋក្នុងតំបន់ហ្គាហ្សាសរុបប្រមាណជា ២៧៤នាក់បាត់បង់ជីវិត ខណៈអ្នកនាំពាក្យរបស់ អ.ស.ប បានប្រកាសថានឹងផ្អាកប្រតិបត្តិការដឹកជញ្ជូនជំនួយមនុស្សធម៌របស់ខ្លួន តាមរយៈផែអណ្តែតទឹករបស់អាម៉េរិកនៅតំបន់ហ្គាហ្សាជាបណ្តោះអាសន្ន រហូតមានការធានាពេញលេញឡើងវិញនូវសន្តិសុខសម្រាប់ក្រុមបុគ្គលិករបស់ខ្លួន៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect