ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ទាមដែលសង្ស័យថាជាបណ្តាញរបស់ក្រុមអាយស៊ីស សម្លាប់មនុស្សជាង៨០នាក់នៅភាគខាងកើតប្រទេសកុងហ្គោ

image


កុងហ្គោ៖ គិតត្រឹមរយៈពេលតែមួយសប្តាហ៍ ការវាយប្រហារដោយក្រុមឧទ្ទាមមួយនៅតំបន់ភាគកើតនៃសាធារណរដ្ឋកុងហ្គោ ដែលគេសង្ស័យថាជាបណ្តាញរបស់ចលនាជ្រុលនិយមរដ្ឋឥស្លាមហៅកាត់ថា អាយស៊ីស (ISIS) បានឆក់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់ ៨០នាក់។

ការវាយប្រហារដ៏អាក្រក់ចុងក្រោយបំផុត បានកើតឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយបានសម្លាប់មនុស្ស ៤១នាក់ បន្ទាប់ពីក្រុមឧទ្ទាមប្រដាប់ដោយកាំភ្លើងនិងកាំបិត បានបើកការវាយប្រហារទៅលើអ្នកភូមិ នេះបើយោងតាមការបញ្ជាក់ពីយោធារបស់ប្រទេសកុងហ្គោ។

ប្រភពពីយោធាកុងហ្គោដដែល បានឱ្យដឹងថា ការវាយប្រហារកាលពីថ្ងៃសុក្រ បានកើតឡើងនៅក្នុងភូមិចំនួន ៣ រួមមានភូមិ Masala ភូមិ Mapasana និងភូមិ Mahini ខណៈភាគីយោធាកុងហ្គោ បានចោទប្រកាន់ក្រុមប្រដាប់អាវុធប្រជាធិបតេយ្យសម្ព័ន្ធមិត្ត ហៅកាត់ថា ADF ថាជាអ្នកប្រព្រឹត្ត។

គួរជម្រាបថា ក្រុមប្រដាប់អាវុធ ADF ដែលជាអ្នកគ្រប់គ្រងតំបន់មួយផ្នែកនៃទឹកដីភាគខាងកើតប្រទេសកុងហ្គោ ធ្លាប់បានសច្ចាភាពស្មោះស្ម័គ្រជាមួយនឹងចលនារដ្ឋឥស្លាមរបស់ក្រុមអាយស៊ីស និងបានបង្កើនការវាយប្រហារជាញឹកញាប់ទៅលើសហគមន៍រស់នៅរបស់ពលរដ្ឋកុងហ្គោ បង្កឱ្យមានបញ្ហាអស្ថិរភាពនៅក្នុងតំបន់កាន់តែខ្លាំងឡើង។ ក្រុមនេះ ត្រូវបានដឹងថា មានប្រភពចេញមកពីប្រទេសអ៊ូហ្គង់ដា និងធ្លាប់ត្រូវបានចោទប្រកាន់ថាជាអ្នកដែលនៅពីក្រោយហេតុការណ៍វាយប្រហារជាច្រើនលើសលប់ទៅលើជនស៊ីវិល៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect