ក្រសួងទេសចរណ៍ រៀបកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ក្រោមវត្តមាន លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សភាពាណិជ្ជកម្មកម្ពុជា ដែលមានអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
ក្រៅពីនេះក៏មានថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា រួមទាំងក្រសួង-ស្ថាប័នរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា តំណាងវិស័យឯកជន សមាជិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមពាក់ព័ន្ធជាច្រើនប្រចាំនៅកម្ពុជា ផងដែរ។
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដែលបានរៀបចំឡើងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីជំរុញដំណើរការការងាររបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ កម្ពុជា ជាពិសេសធ្វើការពិភាក្សាលើរបៀបវារៈដូចជា បទបង្ហាញស្តីពី “ផែនការសកម្មភាពការងាររបស់ CTB” កិច្ចពិភាក្សា សេចក្តីព្រាងលក្ខន្តិកៈ CTB សេចក្តីព្រាងបទបញ្ជាផ្ទៃក្នុង CTB ប្រភពធនធានទ្រទ្រង់ដល់ដំណើរការនៃការរៀបចំ និងការប្រព្រឹត្តទៅរបស់ CTB និងបញ្ហាផ្សេងៗទៀតផងដែរ៕