សន្តិសុខសង្គម

បុរសម្នាក់ជិះម៉ូតូជ្រុលចង្កូតបុកពីក្រោយរថយន្តកំពុងចតស្ងៀម បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

image


កំពត៖ បុរសម្នាក់បើកបរម៉ូតូក្នុងល្បឿនលឿន បានជ្រុលចង្កូតបុកពីក្រោយរថយន្តកំពុងចតស្ងៀម បណ្តាលឱ្យស្លាប់ខ្លួនឯងភ្លាមៗនៅនឹងកន្លែង។ ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិស្មោង ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។

លោកវរសេនីយ៍ទោ ខេង ឆៃ អធិការរងស្រុកអង្គរជ័យ បានឱ្យដឹងថា បុរសដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើឈ្មោះ ជុន វន្ថា អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ កាលពីវេលាម៉ោង ៧:៤០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡេីងនៅលេីដងផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិស្មោង ឃុំសំឡាញរវាងម៉ូតូកំពុងបើកបរ និងរថយន្តចតស្ងៀម។ មុនគ្រោះថ្នាក់កើតឡើង គេឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាហ្ស៊ូមើ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GR-5902 ពីត្បូងទៅជើង។

លោកវរសេនីយ៍បានបន្តថា ដោយសារជនរងគ្រោះរបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ម៉ូតូក៏បានជ្រុលចង្កូតទៅបុកចំពីក្រោយរថយន្តកំពុងចតនៅលើផ្លូវបណ្ដាលឱ្យដួលស្លាប់ខ្លួនឯងនៅនឹងកន្លែងតែម្តង។ ក្រោយកើតហេតុ រថយន្តបង្កដែលមិនមានអ្នកស្គាល់អត្តសញ្ញាណ ត្រូវបានម្ចាស់បើកគេចបាត់មុនសមត្ថកិច្ចចុះដល់៕

អត្ថបទ៖ វង្ស សុធារម្យ