ព័ត៌មានអន្តរជាតិ

មនុស្សជាង ៤០ នាក់ត្រូវបានជួយសង្គ្រោះ អំឡុងហេតុការណ៍ភ្លើងឆេះអគារស្នាក់នៅ ក្នុងទីក្រុងម៉ៃអាមី សហរដ្ឋអាម៉េរិក

image


សហរដ្ឋអាម៉េរិក៖ ក្រុមអ្នកពន្លត់អគ្គិភ័យ បាននាំគ្នាធើ្វការបាញ់ពន្លត់អណ្តាតភ្លើងយ៉ាងសស្រាក់សស្រាំ នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះអគារស្នាក់នៅមួយកន្លែង ក្នុងទីក្រុងរមណីយដ្ឋានឆ្នេរសមុទ្រម៉ៃអាមី សហរដ្ឋអាម៉េរិកកាលពីព្រឹកថ្ងៃចន្ទ ។

ក្នុងហេតុការណ៍នេះ ក្រុមអ្នកពន្លត់អគ្គិភ័យ បានជួយសង្គ្រោះមនុស្សសរុបជាង ៤០នាក់ចេញពីបន្ទប់ស្នាក់នៅ បន្ទាប់ពីអាជ្ញាធរបានមកដល់ទីកន្លែងកើតហេតុ នៅម៉ោងប្រមាណជាង ៨ព្រឹក នេះបើយោងតាមការបញ្ជាក់ពីអភិបាលក្រុងម៉ៃអាមី។

ប្រភពដដែល បានបន្តឱ្យដឹងថា ភ្លាមៗបន្ទាប់ពីបានជម្លៀសពលរដ្ឋរួច មានករណីផ្ទុះមួយបានកើនឡើងនៅឯជាន់ទី៤នៃអគារស្នាក់នៅខាងលើ ដែលធើ្វឱ្យអគារឆាបឆេះកាន់តែខ្លាំង ញ៉ាំងឱ្យអាជ្ញាធរបង្កើនកងកម្លាំងពន្លត់អគ្គិភ័យជាង ៤០នាក់ដើម្បីអន្តរាគមន៍បន្ថែម ដោយបានចំណាយពេលសឹងតែពេញមួយថ្ងៃ ទម្រាំតែអាចគ្រប់គ្រងស្ថានការណ៍បាន ខណៈមនុស្ស៤នាក់ទទួលរងរបួសដោយសារតែអគ្គិភ័យ ហើយជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ។

ជុំវិញករណីនេះ គេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងហេតុការណ៍ផ្ទុះអាវុធមួយដែលបានកើតឡើងនៅទីកន្លែងកើតហេតុ បន្ទាប់ពីបុរសម្នាក់ត្រូវគេប្រទះឃើញរងរបួសដោយសារតែគ្រាប់កាំភ្លើង។ យ៉ាងណាមិញ អាជ្ញាធរនៃទីក្រុងម៉ៃអាមី នៅមិនទាន់ចេញមុខអះអាងឱ្យបានច្បាស់លាស់នៅឡើយទេ ជុំវិញរឿងរ៉ាវខាងលើនេះ ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect