ព័ត៌មានជាតិ

កាណាដា ផ្តល់ភាពបអនុគ្រោះពន្ធ GSP ដល់ប្រទេសកំពុងអភិវឌ្ឍ រួមទាំងកម្ពុជា ដោយមិនភ្ជាប់ទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្សឡើយ

image

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យលោកជំទាវ Donica Pottie ឯកអគ្គរដ្ឋទូត ចប់អាណត្តិនៃប្រទេសកាណាដា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងបាងកក។

ក្នុងកិច្ចប្រជុំនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា កាណាដា ផ្តល់ភាពអនុគ្រោះពន្ធ តាមប្រព័ន្ធ GPS ដល់ប្រទេស កំពុងអភិវឌ្ឍ ក្នុងគោលដៅ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ដោយមិនភ្ជាប់ទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្សឡើយ។


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះជោគជ័យនៃការបំពេញបេសកកម្មការទូតរបស់លោកជំទាវ និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំផ្ទាល់ខ្លួនរបស់លោកជំទាវ ក្នុងការរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលសបញ្ជាក់តាមរយៈកំណើនយ៉ាងលឿននៃទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា។

ឯកឧត្តម បានថ្លែងអំណរគុណ តាមរយៈលោកជំទាវ ចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានផ្តល់ជំនួយដល់កម្ពុជា ជាពិសេសលើវិស័យកម្ចាត់មីន អប់រំ បេសកកម្មថែរក្សាសន្តិភាព និងការប្រែប្រួលអាកាសធាតុ។ក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាគាំទ្រឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) អាស៊ាន-កាណាដា។

ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ការបំពេញបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។


ចំពោះ FTA អាស៊ាន-កាណាដា លោកជំទាវ បានសង្ឈឹមថា កិច្ចព្រមព្រៀងនេះ នឹងមានការវិវត្តទៅមុខយ៉ាងឆាប់រហ័ស។

ដោយឡែក ចំពោះពាណិជ្ជកម្មទ្វេភាគីវិញ លោកជំទាវ បានកត់សម្គាល់ថា ក្រោយពេលប្រទេសកាណាដា បានបើកឲ្យដំណើរការិយាល័យស្ថានទូតកាណាដា នៅទីក្រុងភ្នំពេញ នៅឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានកើនឡើងរហូតដល់៨០០%។


ចំពោះប្រព័ន្ធអនុគ្រោះពន្ធ (GSP) វិញ លោកជំទាវ បានសង្កត់ធ្ងន់ថា កាណាដា ផ្តល់ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍ ក្នុងគោលដៅ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ដោយមិនភ្ជាប់ទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្សឡើយ។

ក្នុងពេលនោះដែរ លោកជំទាវ ក៏បានលើកឡើងថា កាណាដាបានបង្កើតមូលនិធិសម្រាប់ការបញ្ជូនកងកម្លាំងស្ត្រី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយតាមរយៈមូលនិធិនេះ លោកជំទាវសង្ឃឹមថា កម្ពុជា នឹងទទួលបានមូលនិធិបន្ថែមសម្រាប់ការបញ្ជូនកងកម្លាំងមួកខៀវស្ត្រីកម្ពុជា។

លោកជំទាវ ក៏បានរំលឹកអំពីប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានថ្លែងនៅក្នុងឱកាសបញ្ជូនកងកម្លាំងមួកខៀវស្ត្រីកម្ពុជា នៅពេលកន្លងថា សូមឲ្យចៀសឆ្ងាយអំពីការរំលោភបំពានផ្លូវភេទ ក្នុងចំណោមកងកម្លាំងមួកខៀវទាំងអស់ ហើយដែលនៅពេលនោះ សូម្បីអង្គការសហប្រជាជាតិ ក៏មិនទាន់បានគិតដល់បញ្ហានេះនៅឡើយ។

ពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់កងកម្លាំងមួកខៀវរបស់កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងក្តីរីករាយ ដែលកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវស្ត្រីកម្ពុជា នៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ដែលមានចំនួនសរុបជាង ៣០០ នាក់ ឬប្រហែល៥% នៃកងកម្លាំងមួកខៀវសរុបរបស់កម្ពុជា។

ឯកឧត្តម ក៏បានជម្រាបជូនលោកជំទាវទូតថា ឯកឧត្តម តែងតែស្នើឲ្យកងកម្លាំងមួកខៀវកម្ពុជាទាំងអស់ អនុវត្តឲ្យបានម៉ឺងម៉ាត់ បីចំណុច ដូចតទៅ ៖

១) បំពេញការងារដោយវិជ្ជាជីវៈ
២) គោរពវិន័យ
៣) គោរពច្បាប់របស់ប្រទេសដែលខ្លួនទៅបំពេញបេសកកម្ម និងជួយយកអាសាប្រជាជនក្នុងតំបន់បេសកកម្មរបស់ខ្លួន។

ក្រៅពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នា
ដោយត្រង់ទៅត្រង់មកលើបញ្ហាជាច្រើនផ្សេងទៀត រួមទាំងបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាការយកចិត្តទុកដាក់រួម។ ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល៕

ព័ត៌មានទាក់ទង...