ព័ត៌មានជាតិ

អភិបាលខណ្ឌពោធិ៍សែនជ័យប្រគល់រង្វាន់ម៉ូតូដល់សិស្សពូកែនិងផ្តែផ្តាំយកទុកដាក់ក្នុងការរៀនសូត្រ

image

អភិបាលខណ្ឌពោធិ៍សែនជ័យ បានណែនាំឲ្យសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ ឲ្យកា្លយជាសិស្សពូកែ និងក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ សម្រាប់ប្រទេសជាតិ។

ប្រសាសន៍ធ្វើឡើងខណៈលោកហែម ដារិទ្ធិអភិបាលខណ្ឌពោធិ៍សែនជ័យអញ្ជើញជាអធិបតីភាពក្នុងថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០១៩-២០២០ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ហ៊ុនសែនជម្ពូវ័ន នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ។ 

លោក ហែម ដារិទ្ធិអភិបាលខណ្ឌពោធិ៍សែនជ័យ បានលើកឡើងទៀតថា ការខិតខំប្រឹងប្រែងរៀនសូត្រ គឺជាស្ពានសម្រាប់ចម្លង មនុស្សនីមួយៗឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ក្នុងការស្វែងរកទិសដៅការងារល្អៗ ក្លាយជាថ្នាក់ដឹកនាំ សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិអោយកាន់តែរីកចម្រើនបន្ថែមទៀត លោកបានបញ្ជាក់ថាដូចពាក្យចាស់ពោលថា វិជ្ជាជាអាហារ ប្រាជ្ញាគឺជាអាវុធ។

លោកបានបន្ថែមថា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់គុណភាព ដើម្បីសម្រិតសម្រាំងរកធនធានមនុស្សពិត ចំណេះវិជ្ជាពិត និងការងារពិត ដើម្បីអាចឆ្លើយតបបានទៅជាមួយនឹងតម្រូវការអភិវឌ្ឍនៃសង្គមដូច្នេះសិស្សានុសិស្សត្រូវតែបន្តការយកចិត្តទុកដាក់រៀនសូត្រឲ្យបានជាប់ជាប្រចាំ។

ជាមួយនឹងពីធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៩-២០២០ នេះដែរ លោក ហែម ដារិទ្ធ បានធ្វើការផ្តល់រង្វាន់លើកទឹកចិត្តជាម៉ូតូចំនួន ៤គ្រឿង ជូនដល់សិស្សានុសិស្ស ៤រូប ដែលទើបប្រលងជាប់មធ្យមសិក្សាទុតិយភូមិ សម័យប្រលងឆ្នាំ២០១៩ ដែលទទួលបាននិទ្ទេស A នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យផងដែរ ។ ក្នុងនោះលោក ហែម ដារិទ្ធ ក៏បានធ្វើការផ្តល់រង្វាន់ ជាប៊ិច និងសៀវភៅ ជូនដល់សិស្សានុសិស្ស ដែលបានប្រលងជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ក្នុងកម្រិតថ្នាក់នីមួយៗផងដែរ៕អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា


ព័ត៌មានទាក់ទង...