ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំងបំពាក់គ្រឿងឥស្សរយសដល់ស្ថាបនិកវិទ្យាស្ថាន អាន់នូរីកម្ពុជា ដែលមានស្នាដៃបណ្តុះបណ្តាលកូនចៅខ្មែរឥស្លាមក្រីក្រ

image

កំពង់ឆ្នាំង៖ សិស្សជ័យលាភីចំនួ៤៩នាក់ នៅវិទ្យាស្ថាន អាន់នូរីកម្ពុជា ទទួលបានវិញ្ញាបនបត្រ ក្រោយពីបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងនោះមានថ្នាក់ធ្យមសិក្សាបឋមភូមិ និង ថ្នាក់មធ្យមសិក្សាទុតិយភូមិ ។


ការផ្តល់វិញ្ញាបនបត្រនេះ គឺត្រូវធ្វើឡើងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នៅវិទ្យាស្ថាន អាន់នូរីកម្ពុជា ដែលស្ថិតនៅក្នុងបរិវេណមណ្ឌលកុមារកំព្រា ច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលរងខេត្តកំពង់ឆ្នាំង និង លោកសេក អាប់ឌូឡាហ្សី អាលី អាលម៉ូហាននូឌី តំណាងសប្បុរជននៃរដ្ឋកាតា ។

លោកស៊ើក ទាំ នាយកវិទ្យាស្ថានអាន់នូរីកម្ពុជា និង ជាប្រធានមជ្ឈមណ្ឌលអប់រំនិស្សិតមុស្លីមកម្ពុជាបានអោយដឹងថា វិទ្យាស្ថានអាន់នូរីកម្ពុជានេះបានកសាងឡើងក្នុងអំឡុងឆ្នាំ២០០៧ ។ មុនដំបូងសាលានេះបានត្រឹម១កម្រិតសិក្សា តែប៉ុណ្ណោះ គឺកម្រិតបឋមសិក្សា ហើយបានវិវឌ្ឍន៍ខ្លួនរហូតមដល់ថ្នាក់មធ្យមសិក្សា ហើយបច្ចុប្បន្នវិទ្យាស្ថានមានសិស្សចំនួន១៨៤នាក់ ចែកចេញជាបីកំរិតសិក្សា គឺបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និង មធ្យមសិក្សាទុតិយភូមិ ។ នៅក្នុងការ បណ្តុះបណ្តាល វិទ្យាស្ថានបានបង្រៀនលើចំណេះដឹងទូទៅ និង បានផ្តោតលើការបណ្តុះបណ្តាលជំនាញផងដែរ ដូចជាជំនាញកាត់ដេរ កុំព្យូទ័រ កសិកកម្ម និង បសុវប្បកម្មផងដែរ ។

លោកនាយកវិទ្យាស្ថានបានអោយដឹងទៀតថា នៅថ្ងៃនេះវិទ្យាស្ថានបានផ្តល់វិញ្ញាណបនបត្រចំនួន៤៩នាក់ គឺវិញ្ញាបនបត្របឋមភូមិ ជំនាន់ទី៥មានចំនួន៣០នាក់ និង វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិជំនាន់ទី២ ចំនួន១៩នាក់ ។


ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍កោតសរសើរ ចំពោះនាយកគ្រប់គ្រងនិងថ្នាក់ដឹកនាំ នៃ វិទ្យាស្ថានអាន់នូរីកម្ពុជា ដែលបានខិតខំក្នុងការស្វែងរកមូលនិធិ សម្រាប់ទ្រទ្រង់ដល់ការបណ្តុះបណ្តាលប្រជាពលរដ្ឋខ្មែឥស្លាម ឲមានចំណេះដឹង និង ជំនាញបច្ចេកទូលំទូលាយ។


ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា បច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឲប្រទេសកម្ពុជា មានសុខសន្តិភាព និង មានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ ។ ក្នុងនោះវិស័យអប់រំក៏កំពុងតែបោះជំហានយ៉ាងខ្លាំង ដើម្បីសម្រេចនូវគោលដៅរបស់ខ្លួនផងដែរ ។ ដើម្បីសម្រេចបានតាមចក្ខុវិស័យខាងលើ ក្រសួងអប់រំយុវជននិងកីឡាមានបេសកកម្ម ដឹកនាំ គ្រប់គ្រង និង អភិវឌ្ឍវិស័យអប់រំ ឱ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច វប្បធម៌របស់កម្ពុជា និង ការរីកចម្រើននៅក្នុងតំបន់ និង សកលលោក ។


ការអភិវឌ្ឍន៍យុវជនកម្ពុជាលើគ្រប់ វិស័យ និង បណ្តុះស្មារតីយុវជន យុវតីកម្ពុជាគ្រប់រូបឱ្យមានមោទនភាពជាតិ មានសីលធម៌ល្អ និង គុណធម៌ខ្ពស់ ព្រមទាំងមានសុទិដ្ឋិនិយមចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួនមានឱកាសស្មើភាពគ្នាក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព ស្របតាមរដ្ឋធម្មនុញ្ញ និង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ពោលគឺគោលការណ៍មិនរើសអើងអំពីស្ថានភាពសង្គមគ្រួសារ ភូមិសាស្ត្រ ពូជសាសន៍ សាសនា ភាសា យេនឌ័រ និងកាយសម្បទា ។
នៅក្នុងឱកាសនោះឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងលោកសេក អាប់ឌូឡាហ្សី អាលី អាលម៉ូហាននូឌី តំណាងសប្បុរជននៅរដ្ឋកាតា បានប្រគល់វិញ្ញបនបត្រដល់សិស្សជ័យលាភីអមជាមួយនិងទឹកប្រាក់មួយចំនួន និងបានផ្តល់ប័ណ្ណសរសើរដល់សិស្សដែលរៀនពូកែផងដែរ ។


ដើម្បីជាកិច្ចថ្លែងអំណគុណ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបំពាក់គ្រឿងឥស្សរយសដល់លោកសេក អាបឌូឡាហ្សី អាលី អាលម៉ូហាននូឌី ដែលក្នុងរយះពេលកន្លងទៅនេះ លោកបានចំណាយថវិកាផ្ទាល់ខ្លួន និង គៀងគរសម្បុរសជននៅរដ្ឋកាតា ដើម្បីយកថវិកា មកកសាងមជ្ឈមណ្ឌល និង អគារសិក្សា ព្រមទាំងការចំណាយផ្សេងៗ សម្រាប់ការបណ្តុះបណ្តាលកូនចៅខ្មែរឥស្លាមក្រីក្រនៅក្នុងខេត្តកំពង់ឆ្នាំង៕ដោយ៖ហ៊ឹង ចូច