ព័ត៌មានជាតិ

ប្រធាន​សហភាពសហព័ន្ធសហជីពជាតិកម្ពុជា បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ ជាមួយសហជីពចិន ​ធ្វើឲ្យកន្លែងការងារ មានសន្តិភាព

image

 ភ្នំពេញ ៖ លោកបណ្ឌិត ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងថា ឆ្លងតាមរយៈកាលជាច្រើនឆ្នាំ នៃការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ​រវាងសហភាពសហព័ន្ធសហជីពជាតិកម្ពុជា ជាមួយនឹង សហភាពសហព័ន្ធសហជីពចិន បាននាំមកនូវផលប្រយោជន៍ជាច្រើន ឲ្យគ្នាទៅវិញទៅមក ជាពិសេសគឺការ​ដោះស្រាយវិវាទការងារ នៅតាមបណ្តារោងចក្រ សហគ្រាស ក្នុងប្រទេសកម្ពុជា ប្រកបដោយប្រសិទ្ធិភាព ស្របទៅតាមច្បាប់ ដែលធ្វើឲ្យមានសន្តិភាព នៅកន្លែងការងារ​។

លោកបណ្ឌិត ជួន មុំថុល បានលើកឡើងបែបនេះ ក្នុងឱកាសដែល​លោក​ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសហជីពចិន ដឹកនាំដោយលោក វៃ ទីជុន (Wei Dichun) អនុប្រធានសហភាព សហព័ន្ធសហជីពចិន នៅទីស្នាក់ការសហភាព សហព័ន្ធសហជីពជាតិកម្ពុជា នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះ ក្នុងអំឡុងពេល ដែលគណៈប្រតិភូចិន បានមកបំពេញទស្សនកិច្ច៣ថ្ងៃ នៅកម្ពុជា។

លោកបានលើកឡើងដែរថា ​សហជីពទាំងពីរ មានកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងការផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមក ដើម្បីចែករំលែកបទពិសោធន៍ បច្ចេកទេស ចំណេះដឹង ការគ្រប់គ្រងដឹកនាំសហជីព ឲ្យបានកាន់តែប្រសើរ សំដៅធ្វើយ៉ាងណា ឲ្យនៅកន្លែងការងារ មានសន្តិភាព។

​លោកប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានមើលឃើញដែរថា សហជីពចិន ​មានការរីកចម្រើនជាងកម្ពុជា ដែលចំណុចនេះហើយ អាចឲ្យភាគីកម្ពុជា រៀនសូត្រពីចិនបាននូវចំណុចល្អៗ ដែលកម្ពុជា អាចទទួលយកមកអនុវត្តបាន ដូចជា ការចងក្រងបញ្ចូលសមាជិកជាដើម​។

សូមជម្រាបដែរថា បច្ចុប្បន្ន សហភាពសហព័ន្ធសហជីពជាតិកម្ពុជា មានសមាជិក​ជាង៣២ម៉ឺននាក់ ដែលកំពុងបម្រើការងារ នៅតាមរោងចក្រ សហគ្រាស ក្នុងប្រទេសកម្ពុជា៕ អត្ថបទ ៖ សន​ ពិសិដ្ឋ


ព័ត៌មានទាក់ទង...